កីឡាការិនីបាល់ទាត់ឆ្នើម ២៥នាក់នឹង​ទៅ​បោះ​ជំរំហ្វឹកហាត់​នៅ​ចិន៣ឆ្នាំក្រោយជ្រើសរើសពីការ​ប្រកួតលីគនារីឆ្នាំ២០២០

កីឡាការិនីបាល់​ទាត់​ឆ្នើម​២៥​នាក់នឹង​ត្រូវ​ទៅ​បោះជំរំហ្វេឹកហាត់​ក្នុង​ប្រទេសចិន ក្រោយ​ជ្រើសរសើ​បាន​ពី​ការ​បង្កើត​ពាន​រង្វាន់​ជម្រើស​ជើងឯកបាល់​ទាត់​នារី​ថ្នាក់​ជាតិដែល​នឹង​ចាប់​ផ្ដើម​ប្រកួតក្នុងពេលឆាប់ៗ​នេះ។

ក្នុងពិធីចាប់​ឆ្នោត​ជ្រើសរើសគូប្រកួត​កាល​ពី​ព្រឹកមិញ​នៅ​ពហុកីឡដ្ឋាន​ជាតិ លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការអភិវឌ្ឍន៍បាល់ទាត់នារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន​និយាយថា៖

«…យើងធ្វើឡើងដើម្បីអភិវឌ្ឍន៍បាល់ទាត់នារីក្នុងប្រទេស និងមួយទៀតយើងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២១ និងមួយទៀតយើងមានត្រៀមទៅប្រទេសចិន ដែលយើងត្រូវត្រៀម camping (បោះជំរំ) ចំនួន ៣ឆ្នាំ ហើយដើម្បីឆ្ពោះទៅផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា យើង ១២ចំណុចផងដែរ ហើយដែលសំខាន់ជាងនេះទៅទៀតដែលយើងធ្វើលីគនេះឡើងដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២០៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ។» 

«យើងមាន camping (បោះជំរំ) ទៅចិនហ្នឹង ៣ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ យើងធ្វើ ២លើក ម្ដងយើងធ្វើ camping ៩០ថ្ងៃ ហើយមូលហេតុដែលយើងធ្វើលីគគឺដើម្បីជម្រើសយក ២៥នាក់ហ្នឹង ដើម្បីទៅ ហើយនិងមន្ត្រីចំនួន ៤នាក់ អ៊ីចឹងសរុបទៅគឺ ២៩នាក់សម្រាប់ទៅចិន។ …គឺយើងហ្វឹកហាត់នៅប្រទេសចិន ហើយគេឧបត្ថម្ភទាំងអស់។»

ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី (Cambodian Women’s League) រដូវកាល២០២០ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដោយប្រើប្រាស់រូបមន្តប្រកួត ជាលក្ខណៈលីគវិលជុំ តែមួយជើងប៉ុណ្ណោះ ដោយមានក្រុមខ្លះអាចនឹងធ្វើម្ចាស់ផ្ទះ ៤ដង ឬ ៥ដង តាមការចាប់ឆ្នោតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT