លទ្ធផលឈ្នះ ៥ ទល់នឹង ១ លើក្រុមយុវជនជម្រើសជាតិហ្វីលីពីន កាលពីម្សិលមិញនេះបាន ធ្វើឲ្យកម្ពុជា ប៉ះបូវការខកចិត្តនៅប្រកួតបើកឆាកដែលចាញ់វៀតណាម ១-០ និងមានសង្ឃឹមក្នុងការបន្តប្រជែងកៅអី លេខ ១ ឬ លេខ ២ ក្នុងពូល A នៅពាន AFF U-16 Championship ។
៣ពិន្ទុដំបូងក្នុងពានរង្វាន់ឆ្នាំនេះ បាននាំឲ្យកម្ពុជា ហក់មកឈរនៅលេខរៀងទី ៣ ពីក្រោមឥណ្ឌូនេស៊ី និងវៀតណាម តែពីលើមីយ៉ាន់ម៉ា ដែលមានពិន្ទុស្មើគ្នា ។
លោក Lee Tae Hoon ដែលដឹកនាំក្រុមយុវជនកម្ពុជាទាំងនោះបាននិយាយចំពោះជ័យជម្នះនេះថា « ពួកយើងលេងបានល្អនៅវគ្គទីពីរ ជាងវគ្គទីមួយ ។ យ៉ាងណាមិញយើងនៅសល់ ៣ប្រកួតទៀតដើម្បីប្រកួត ដូចនេះការឈ្នះនេះ គឺជាសារៈសំខាន់ ក្នុងបេសកកម្មរបស់យើង » ។
គួរបញ្ជាក់ថា ក្នុងថ្ងៃម្សិលមិញនេះ វៀតណាម បានបន្តយកឈ្នះទីម័រខាងកើត ៤-០ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី បន្តយកឈ្នះមីយ៉ាន់ម៉ា ២-១ ផងដែរ ។
កម្ពុជា នឹងត្រូវបន្តប្រកួតជាមួយនឹងទីម័រខាងកើត នៅថ្ងៃទី ២ ខែ សីហា ក្នុងថ្ងៃដែលក្រុមមិនទាន់ស្គាល់បរាជ័យ ២ គឺវៀតណាម និងឥណ្ឌូនេស៊ី ត្រូវជួបគ្នា ដែលប្រកួតនោះគឺនឹងហុចឱកាសឲ្យកម្ពុជា ក្នុងការរកពិន្ទុប្រដេញក្រុមខ្លាំងទាំងពីរ ៕