ពាន គ្រូបង្វឹកល្អ​និង​កីឡាករក្នុង​ខែ​សីហាបាន​ទៅ​លើ​ក្លិបបឹង​កេត​ទាំងអស់

ពានរង្វាន់គ្រូបង្វឹក និងកីឡាករល្អប្រចាំខែសីហា ក្របខណ្ឌ Metfone Cambodian League ២០២០ ត្រូវបានប្រគល់ដល់សមាជិកបឹងកេតទាំងពីរតែម្ដង។

លោក គីម ភក្ដី គ្រូបង្គោលបណ្ដោះអាសន្នក្លិបបឹងកេតត្រូវបានជ្រើសរើសជាគ្រូបង្វឹកឆ្នើម ខណៈខ្សែប្រយុទ្ធកំពុងកើនប្រជាប្រិយភាព ម៉ាត់ នូរុណ ក្រសោបបានពានកីឡាករល្អ។ក្នុងការប្រកួតប្រជែងក្របខណ្ឌ MCL នៅខែសីហា នូរុណ រកបាន៩គ្រាប់ក្នុងចំណោមការប្រកួត៤លើក ជាពិសេសគេរកបានពីរគ្រាប់ពីជ័យជម្នះ២ទល់នឹង៤លើព្រះខ័នរាជស្វាយរៀងដែលបឹងកេតឈានទៅយកកៅអីកំពូលតារាង។

ចំណែកស្នាដៃរបស់លោក គីម ភក្ដី នៅខែសីហា ក្នុងនាមជាគ្រូបង្គោលបណ្ដោះអាសន្នបឹងកេត គឺទទួលបានជ័យជម្នះទាំងអស់ពេលប៉ះអគ្គិសនីកម្ពុជា, យុវជនបាទី, អាស៊ីអឺរ៉ុបយូណាយធីត និងព្រះខ័នរាជស្វាយរៀង។ នេះជាការទទួលបានពានគ្រូបង្វឹកឆ្នើមលើកទីពីរជាប់គ្នា បន្ទាប់ពីខែកក្កដា។

អ្វីកាន់តែពិសេសនោះ ចាប់តាំងពីចូលកាន់តំណែងបណ្ដោះអាសន្ន លោក គីម ភក្ដី ដឹកនាំបឹងកេតឈ្នះទាំងអស់តែម្ដងនៅ MCL។ ជាមួយគ្នានេះ ម៉ាត់ នូរុណ បានឡើងទៅកាន់កំពូលតារាងអ្នកទាត់ចូលច្រើនជាងគេដោយមាន១៥គ្រាប់៕

 

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT