Robertson ​មិន​ចង់​ឱ្យ Messi ​មក​លេង​នៅ​អង់គ្លេស​

​ខ្សែ​ការពារ ​Andy Robertson ​របស់​ក្រុម Liverpool ​ថា​មិន​ចង់​ឃើញ Lionel Messi ​មក​លេង​នៅ​អង់គ្លេស​ឡើយ ដោយ​ចង់​ឱ្យ​គេ​លេង​នៅ​អេស្ប៉ាញ​ទៀត​។

​Messi ​មាន​ទំនាក់ទំនង​ផ្លាស់​មក​លេង​នៅ​ក្រុម Manchester City ​កាន់​តែ​ខ្លាំង​ឡើង ​បន្ទាប់​ពី​រូបគេ​បាន​ស្នើ​សុំ​ចាកចេញ​ពី​ក្រុម Barcelona ​។ ​យ៉ាងណាមិញ ​បើ​តាម​សម្ដី​របស់​កីឡាករ Robertson ​ខ្សែ​ការពារ Liverpool ​បាន​បញ្ជាក់​ថា​រូបគេ​មិន​ចង់​ឱ្យ​កីឡាករ​អាហ្សង់ទីន​មក​លេង​នៅ​អង់គ្លេស​ឡើយ។ ​ការ​មិន​ចង់​ឃើញ​នេះ ក៏​ព្រោះ​តែ​រូបគេ​យល់​ឃើញ​ថា​វត្តមាន Messi ​នៅ​ក្រុម Man City ​នឹង​ធ្វើ​ឱ្យ​ក្រុម​នេះ​កាន់​តែ​ខ្លាំង​ឡើង​មិន​ខាន។

​Robertson ​បាន​និយាយ​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​វា​មិន​កើត​ឡើង​ទេ។ ខ្ញុំ​គិត​ថា Liverpool ​មិន​អាច​ចុះ​កុងត្រា​យក​គាត់​បាន​ឡើយ ​ដូច្នេះ​ខ្ញុំ​មិន​ចង់​ឃើញ​គាត់​នៅ​ក្បែរ​ឬ​មក​លេង​នៅ Premier League ​ឡើយ។ ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​នៅ​ឱ្យ​ឆ្ងាយ​។ ​ខ្ញុំ​ធ្លាប់​លេង​ទល់​គាត់​២​ដង ​ហើយ​វា​ជា​ការ​ប្រកួត​ពិបាក​ខ្លាំង​ណាស់”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT