សារ ទី៖ ពេលចេញ​ពី​បាទី គ្មានក្លិបណាមួយច​ង់បានខ្ញុំទេ ទៅ​សុំ​គេ​លេងក៏គេអត់ចង់បានខ្ញុំដែរ”

“ក្រោយខ្ញុំចេញពីបាទី អត់មានក្លិបណាចង់បានខ្ញុំទេ ខ្ញុំទាក់ទងទៅក្លិបគេ ក៏គេអត់ចង់បានខ្ញុំដែរ”។ នេះ​គឺ​ជា​សម្ដី​របស់​កីឡាករ​វ័យក្មេងសារ ទី​ជា​ខ្សែបម្រើ​ក្លិប​អគ្គិសនីនិយាយ​រំលឹក​ក្រោយ​ចាក​ចេញ​ពី​សាលាយុវជនថ្នាលបាទី។

សា ទី គឺជាកីឡាករវ័យក្មេងមួយរូបកំពុងបង្ហាញភាពលេចធ្លោនៅក្លិបបាល់ទាត់អគ្គិសនីកម្ពុជាតាមរយៈភាពវៃឆ្លាត, ល្បឿន និងបច្ចេកទេស។ ខ្សែបម្រើកណ្ដាលខាងលើបានចូលរួមជាមួយក្រុមតំណាងអង្គភាពស្វយ័តអគ្គិសនីកម្ពុជាតាមរយៈការធ្វើតេស្ដសមត្ថភាពនៅដើមរដូវកាល២០២០ ក្រោយចាកចេញពីមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដែលគេចំណាយពេលនៅរដូវកាល២០១៩ប្រកួតប្រជែងក្នុងក្របខណ្ឌ Metfone Cambodian League។

ប៉ុន្តែមុនឈានទៅបង្ហាញសមត្ថភាពគួរចាប់អារម្មណ៍ ម្ចាស់អាវលេខ២១នៅ EDC បានបង្ហើបរឿងរ៉ាវស្ទើរតែបាក់ទឹកចិត្តមួយ និងធ្វើឲ្យគេសម្រេចចិត្តវិលទៅស្រុកកំណើតមួយរយៈ នោះគឺបញ្ហាក្នុងការស្វែងរកទ្រនំថ្មី ក្រោយចាកចេញពីក្រុមយុវជនបាទី។ ប៉ុន្តែ​ដោយ​សារ​លោក​គ្រូ​មាស សំអឿន​តើប​រូប​គេ​បានឱកាស​លេង​។

 “ខ្ញុំបានទាក់ទងទៅគ្រូអឿន គាត់អត់ទាន់យកខ្ញុំភ្លាមដែរ។ ខ្ញុំបានទៅស្រុកមួយរយៈ ហើយក្រោយមកទើបគាត់ហៅទៅហាត់នៅអគ្គិសនី។ គាត់ទៅទទួលខ្ញុំផ្ទាល់ទៀត។ ហាត់ជិតមួយអាទិត្យ ទើបគេសម្រេចចិត្តថារើសយកខ្ញុំ។ និយាយទៅ មានគ្រូអឿន ទើបខ្ញុំមានឱកាសបង្ហាញសមត្ថភាពដូចសព្វថ្ងៃ។”

យុវជនដដែលរំឭកថា ដើមឡើយ គេបានប្រលូកក្នុងការប្រកួតនៅសាលារៀន មុនឈានជើងចូលបាទីនៅដើមឆ្នាំ២០១៩ តាមរយៈការធ្វើតេស្ដ។ ប៉ុន្តែការរួមរស់នៅក្រុមថ្នាលរបស់សហព័ន្ធបាល់ទាត់ជាតិកម្ពុជា គេមិនសូវបានបង្ហាញប៉ុន្មានឡើយ ទើបសម្រេចចិត្តចាកចេញនៅខែធ្នូ ចុងឆ្នាំដដែលនោះ។ បច្ចុប្បន្ន សា ទី ក៏មានឈ្មោះក្នុងបញ្ជីបឋមរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំត្រៀមព្រឹត្តិការណ៍ AFC U19 Championship 2020 ផងដែរ៕

 

ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT