គ្រូ Sevilla ​ថា​ទាល់​តែ​លេង​ល្អ​បំផុត ទើប​អាច​ឈ្នះ Man Utd ​យប់​នេះ​បាន​

​លោក ​Julen Lopetegui ​អ្នក​ចាត់ការ​ក្រុម Sevilla ​ថា​ទាល់​តែ​លេង​ឱ្យ​បាន​ដល់​កម្រិត​កំពូល ទើប​អាច​យក​ឈ្នះ​លើ​ក្រុម Manchester United ​បាន​នៅ​យប់​នេះ​។ក្រុម​ខ្លាំង​នៅ​អេស្ប៉ាញ ​និង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Man Utd ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Europa League ​។ សម្រាប់​ការ​ប្រកួត​នេះ​ដែរ លោក Julen ​អ្នក​ចាត់ការ​ក្រុម Sevilla ​មើល​ឃើញ​ថា​ពិត​ជា​ពិបាក​សម្រាប់​ក្រុម​របស់​លោក ព្រោះ​ថា​បិសាច​ក្រហម​នៅ​ពេល​នេះ​កំពុង​លេង​បាន​យ៉ាង​ល្អ​មែនទែន ​ជាមួយ​កីឡាករ​ពោរពេញ​ដោយ​កម្លាំង​ចិត្ត​ចង់​ឈ្នះ។

​ដើម្បី​ទម្លាក់​បិសាច​ក្រហម​បាន​នៅ​យប់​នេះ ​លោក Julen ​អះអាង​ថា​ទាល់​តែ Sevilla ​លេង​ឱ្យ​បាន​ល្អ​បំផុត​ដល់​កម្រិត​កំពូល​ទើប​អាច​សម្រេច​បំណង​បាន​។ អតីត​អ្នក​ចាត់ការ Real Madrid ​រូប​នេះ ​និយាយ​ទៀត​ថា​៖ “នេះ​ជា​ក្រុម United ​ដែល​លេង​បាន​ល្អ​បំផុត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ពួកគេ​បាន​ស្វែង​រក​ផ្លូវ​លេង​ល្អ​មួយ។ យើង​នឹង​លេង​ទល់​ក្រុម​ដែល​កំពុង​ឡើង​ជើង ​ហើយ​ទាល់​តែ​ប្រឹង​លេង​ឱ្យ​ល្អ​បំផុត​ទើប​អាច​ឆ្លង​ផុត​ពួកគេ”៕


ប្រភព៖ BT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT