Sarri សូម​មិន​ពាក់ព័ន្ធ ក្នុង​រឿង Arthur បដិសេធ​លែង​វិល​ត្រលប់​ទៅ Barcelona

Maurizio Sarri ដែល​ត្រៀម​នឹង​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី ​នៃ​កីឡាករ Arthur Melo ត្រៀម​ផ្ទេរ​ទៅ​ចូលរួម​នៅ Juventus នា​ពេល​ខាង​មុខ បាន​ចេញ​មក​បញ្ជាក់​ជា​មុន ថា​លោក​សូម​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​ចម្រូងចម្រាស​របស់ Arthur និង​ក្លឹប Barcelona។

កីឡាករ​ប្រេស៊ីល​ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​លំហែ​កាយ​នៅ​ប្រទេស​កំណើត បាន​បដិសេធ​ជាមួយ​ក្លឹប​ក្នុង​ការ​ត្រលប់​មក​ចូលរួម​ហ្វឹកហាត់ ត្បិត​បើ​កុងត្រា​នៅ​សេសសល់​ដល់​ខែ​កញ្ញា ឆ្នាំ ២០២០ ក្តី។

បញ្ជាក់​ប្រាប់​ថ្មីៗ​នេះ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​និយាយ៖ “អំពី​រឿង Arthur ខ្ញុំ​មិន​បាន​គិត​អ្វី​ទាំង​អស់ ដោយ​ខ្ញុំ​មិន​ដឹង​ពី​ទំនាក់ទំនង​រវាង​គេ​និង Barcelona ទេ ពោល​មិន​ដឹង​ថា​គេ​និយាយ​គ្នា​បែប​ណា​ខ្លះ​ឡើយ ហើយ​ខ្ញុំ​សូម​មិន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ”។

រំឭក​ថា Arthur ​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ដោះដូរ​ថែម​លុយ​ជាមួយ Pjanic ចេញ​ពី Juventus ហើយ​អ្នក​ទាំង​ពីរ​នឹង​បង្ហាញ​វត្តមាន​នៅ​ក្លឹប​ថ្មី ចាប់​ពី​ដើម​រដូវ​កាល​ក្រោយ​ត​ទៅ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT