តើ​ទីលាន​ទាំង​អស់​មាន​វិមាត្រ​ដូច​គ្នា​ទេ ហើយ​ច្បាប់​របស់ FIFA កំណត់​យក​ទំហំ​ស្តង់ដារ​ប៉ុន្មាន?

នេះ​អាច​ជា​រឿង​សាមញ្ញ ប៉ុន្តែ​ក៏​ជា​សំណួរ​ចាក់ដោត​មួយ​ដែល​មាន​ប្រិយមិត្ត​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ជា​ច្រើន​ប្រាកដ​ជា​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក​ទេ។ តើ​នៅ​លើ​ទីលាន​បាល់ទាត់​ក្នុង​ការ​ប្រកួត​នីមួយៗ មាន​ទំហំ​ឬ​វិមាត្រ​ដូច​គ្នា​ដែរ​ឬ​ទេ? ហើយ​ប្រសិន​ណា​មិន​ជា​ដូច​គ្នា តើ​អាច​ជះ​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ការ​លេង​របស់​កីឡាករ?

ផ្អែក​តាម​ការ​ស្រាវជ្រាវ​ពី​ប្រភព​គេហទំព័រ​ច្បាស់ការ បាន​ឲ្យ​ដឹង​ថា វិមាត្រ​នៃ​ទីលាន​របស់​ក្លឹប​បាល់ទាត់​ទាំង​អស់​គឺ​មិន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​អាច​ថា​មាន​ភាព​ប្រហាក់ប្រហែល​គ្នា ព្រោះ​រាល់​ស្តង់ដារ​នៃ​ការ​កំណត់​ទំហំ​ទីលាន​នីមួយៗ គឺ​កំណត់​យក​តាម​ច្បាប់​របស់​សហព័ន្ធ​សមាគម​បាល់ទាត់​អន្តរជាតិ FIFA។

វិមាត្រ​ស្តង់ដារ​លើ​ទីលាន គឺ FIFA កំណត់​យក​ផ្នែក​ទទឹង នៅ​ទំហំ​អប្បបរមា ៦៤ ម៉ែត្រ និង​អតិបរមា ៧៥ ម៉ែត្រ ស្រប​ពេល​ដែល​ផ្នែក​បណ្ដោយ នៅ​ទំហំ​អប្បបរមា ១០០ ម៉ែត្រ និង​អតិបរមា ១១០ ម៉ែត្រ។

ឧទាហរណ៍​ជាក់ស្ដែង​ដូច​ជា​នៅ​ទីលាន Camp Nou របស់​ក្លឹប Barcelona គឺ​មាន​បណ្តោយ ១០៥ ម៉ែត្រ និង​ទទឹង ៦៨ ម៉ែត្រ ស្រប​ពេល​ដែល​ទីលាន Stamford Bridge របស់​ក្លឹប Chelsea គឺ​មាន​បណ្ដោយ ១០៣ ម៉ែត្រ និង​ទទឹង ៦៧ ម៉ែត្រ។ ប៉ុន្តែ​ជា​ទូទៅ​តាម​ការ​អង្កេត​មើល រាល់​កីឡដ្ឋាន​ភាគ​ច្រើន​គឺ​ជ្រើស​យក​ទំហំ ១០៥x៦៨ ម៉ែត្រ​ជា​ទំហំ​ស្តង់ដារ។

ប៉ុន្តែ​ការ​កំណត់​នេះ ក៏​ស៊ីសង​លើ​កម្រិត​អាយុ​នៃ​ការ​ប្រកួត​របស់​កីឡាករ​ផង​ដែរ ដូច​ជា​ថ្នាល​យុវជន​ U13 ឬ U14 ក៏​កំណត់​យក​ស្តង់ដារ​ផ្សេង ចន្លោះ​បណ្ដោយ ៧២ ទៅ ៩១ ម៉ែត្រ និង​ទទឹង ៤៥ ទៅ ៥៦ ម៉ែត្រ រី​ឯ​ឈុត U8 ក៏​កំណត់​យក​ស្តង់ដារ​ផ្សេង​មួយ​ទៀត ចន្លោះ​បណ្ដោយ ២៧-៤៥ ម៉ែត្រ និង​ទទឹង ១៨ ទៅ ២៧ ម៉ែត្រ។

បើ​សួរ​ថា​តើ​ភាព​ខុស​គ្នា​នៃ​ទំហំ​ទីលាន ជះ​ឥទ្ធិពល​ដល់​ការ​លេង​របស់​កីឡាករ​ដែរ​ឬ​ទេ? ចម្លើយ៖ គឺ​ថា​អាច​ប៉ះពាល់​មួយ​ផ្នែក​ដែរ។

ប្រសិន​ណា​វិមាត្រ​ទីលាន​មាន​ទំហំ​ខុស​គ្នា​ច្រើន​លេខ នោះ​ចង្វាក់​នៃ​ការ​លេង​របស់​កីឡាករ ក៏​ចាំបាច់​ត្រូវ​សម្រប​ទៅ​តាម​ទីលាន​នោះ​ដូច​គ្នា។ តួ​យ៉ាង​ដូច​ជា​ការ​កាត់​បាល់​វែង​ចេញ​ពី​ជើង​របស់​កីឡាករ​ណា​មួយ ប្រសិន​អ្នក​ធ្លាប់​តែ​លេង​នៅ​ទីលាន​ដែល​មាន​ទំហំ​ស្តង់ដារ ហើយ​ប្រែ​ទៅ​លេង​នៅ​ទីលាន​មួយ​ផ្សេង​ទៀត​ដែល​រាង​តូច​ឬ​ធំ​ជាង​មុន​ច្រើន នោះ​ការ​ស្មាន​នៃ​កម្លាំង​ជើង​ក៏​ត្រូវ​ផ្លាស់ប្តូរ​ដូច​គ្នា។

មួយ​ផ្សេង​ទៀត​វិមាត្រ​នៃ​ទីលាន​តូច គឺ​នាំ​ផល​ចំណេញ​ច្រើន​ដល់​ប្រព័ន្ធ​ការពារ នោះ​ក៏​ដោយសារ​មិន​សូវ​មាន​គម្លាត​ទំនេរ​ច្រើន​ក្នុង​ការ​អូស​បាល់ ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​បដិបក្ខ។

នៅ​ឆ្នាំ ​២០១៤ នា​ជំនួប​រវាង​ក្រុម​ម្ចាស់​ផ្ទះ Newcastle United និង Tottenham Hotspur គឺ​អ្នកចាត់ការ​លោក Mauricio Pochettino កាល​នោះ​បាន​រិះគន់​ដល់​ទីលាន White Hart Lane ជា​ខ្លាំង ​ក្រោយ​ពី​ក្រុម​របស់​លោក​បាន​រង​បរាជ័យ។ បញ្ជាក់​ថា​ទំហំ​ទីលាន White Hart Lane គឺ​ខុស​ពី​ទំហំ​នៃ​ទីលាន​ទូទៅ​ឆ្ងាយ ដោយ​មាន​បណ្ដោយ​ត្រឹម ១០០ ម៉ែត្រ ទទឹង ៦៧ ម៉ែត្រ​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖ “ទម្រង់​លេង​របស់​យើង​គឺ​ត្រូវ​ការ​ទីតាំង​ធំ ហើយ​ជាក់ស្តែង​មើល​ទៅ​ទីលាន White Hart Lane គឺ​រាង​តូច​បន្តិច​ហើយ ដោយ​ទំហំ​បែប​ហ្នឹង​គឺ​មាន​ភាព​ល្អ​ប្រសើរ​ទៅ​វិញ​ទេ​សម្រាប់​ក្រុម​ដែល​លេង​ការពារ​ខ្លាំង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT