គ្រាប់បាល់ល្អៗ ៦គ្រាប់របស់កម្ពុជា នៅ Suzuki Cup

គិតចាប់តាំងពីក្រុមជម្រើសជាតិកម្ពុជា ប្រមូលផ្តុំនិងប្រកួតចុងក្រោយបង្អស់ គឺនៅចុងខែមីនា ឆ្នាំ ២០១៨នេះ ក្នុងប្រកួតបិទពូល C ដែលកាលនោះគឺចាញ់ក្រុមអាហ្វាហ្គានីស្ថាន ២-១ ។ មកទល់នឹងពេលនេះគឺអស់រយៈពេលជិត ៤ខែ ទៅហើយ ដែលពុំមានសកម្មភាពប្រមូលផ្តុំហ្វឹកហាត់ ឬប្រកួតមិត្តភាពអ្វីឡើយ ។

គួររំលឹកផងដែរថា ពានរង្វាន់ AFF Championship ដែលត្រូវបានទទួលស្គាល់ជាពាន Suzuki Cup នឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះហើយ សម្រាប់លើកទី ១២ ក្នុងឆ្នាំ ២០១៨នេះ ពោលគឺពីថ្ងៃទី ៨ ខែ វិច្ឆិកា ដល់ថ្ងៃទី ១៥ ខែ ធ្នូ ។

ជាមួយនឹងពេលវេលាដែលមិនមានសកម្មភាពជម្រើសជាតិត្រូវបានធ្វើឡើង សូមក្រឡែកទៅទស្សនាវីដេអូគ្រាប់បាល់អស្ចារ្យទាំង ៦គ្រាប់ ដែលកីឡាករម្ពុជា បានស៊ុតបញ្ចូលទី កាលពីឆ្នាំ ២០១៦កន្លងទៅ ដោយក្នុងនោះគិតរាប់ចាប់ពីវគ្គជម្រុះបឋម ដល់វគ្គជម្រុះពូល ដែលកម្ពុជាបានចូលរួម។

ក្នុងចំណោមគ្រាបបាល់ទាំង ៦គ្រាប់នេះផងដែរ មួយគ្រាប់ដែលស៊ុតបំប៉ោងសំណាញ់ទីដោយ កីឡាករ ច្រឹង ពលរដ្ឋ បានជាប់ជាគ្រាប់បាល់ល្អដាច់គេទាំង ១០ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 ផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា កម្ពុជា ត្រូវបានចាប់ឆ្នោតចូលក្នុងពូល A រួមជាមួយ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម និង ឡាវ ដោយក្រុមទាំងអស់ នឹងធ្វើជាម្ចាស់ផ្ទះ ២ប្រកួត និងក្រៅដី ២ប្រកួត ។

ប្រកួតដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ គឺ ទល់នឹងម៉ាឡេស៊ី និង ឡាវ ដែលពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នឹងត្រូវទទួលរៀបចំទទួលស្វាគមន៍ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT