ជម្រើស​ជាតិ​ U19 កម្ពុជា​ចាប់​ផ្ដើម​ប្រមូលផ្ដុំហ្វឹកហាត់​ត្រៀម AFC U19 នៅ​អ៊ុយបេគីស្ថានតាំងពីម្សិលមិញ

បន្ទាប់ពីប្រកាសបញ្ជីឈ្មោះកីឡាករអាយុក្រោម១៩ឆ្នាំមកពីបណ្តាក្លិបនានាចំនួន៣៨នាក់ សហព័ន្ធ កីឡា បាល់ទាត់កម្ពុជាបានចាប់ផ្តើមធ្វើតេស្តដំបូង កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បីជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតពានរង្វាន់ AFC U19 Championship ដែលគ្រោងនឹងប្រកួត នាខែតុលា ឆ្នាំ២០២០ នៅប្រទេសអ៊ូសបេគីស្ថាន។

គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលជាជនជាតិជប៉ុន លោក Koji Gyotoku បានលើកឡើងថា កំឡុងពេលហ្វឹកហាត់នេះ កីឡាករដែលមានឈ្មោះមិនប្រាកដថា នឹងមានឈ្មោះរហូត ដល់បញ្ជីចុងក្រោយនោះទេ ហើយយើងនឹងមើលលើការហ្វឹកហាត់ និងពេលវេលាពួកគេលេង​ក្នុងការ​ប្រកួតលីគកម្ពុជា។

លោកបានបន្ដថា ពួកគេអាចនឹងត្រូវជំនួសដោយកីឡាករ​ផ្សេងទៀតដែលមិនមាន​ឈ្មោះក្នុងបញ្ជីហ្វឹកហាត់នេះ ហើយពួកយើងក៏បានសម្លឹងមើលកីឡាករ ដែលមានសញ្ជាតិខ្មែរ​កាត់បរ​ទេសដែរ សម្រាប់មកចូលរួមជាមួយក្រុម បើសិនជាពួកគេមានគុណភាពល្អ នឹងជ្រើសរើសមកចូលរួមជា​មួយក្រុម។ លោកបានបន្ថែមថា “ពួកយើងព្យាយាមត្រៀមហ្វឹកហាត់ សម្រាប់ចូលរួមលេងក្នុងពានរង្វាន់ AFF និង AFC ក្នុងឆ្នាំ២០២០ នេះ ប៉ុន្តែ ដោយសារបញ្ហា COVID-19 ដែលជំរុញឱ្យកម្មវិធីប្រកួតអាច​នឹងត្រូវ​ពន្យាពេល ដូច្នេះអ្វីៗគឺមិនទាន់មានភាពច្បាស់លាស់នោះទេ ប៉ុន្តែយើងនៅតែត្រៀមខ្លួនឱ្យបានល្អ”៕​

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ គឺជាក្រុមចំណាត់ថ្នាក់លេខ២ល្អលំដាប់ទី៥ ក្រោយ​ប្រកួត​នៅវគ្គជម្រុះ ឈ្នះ៣ប្រកួត និងចាញ់១ប្រកួត នៅក្នុងពូល G ហើយបានឆ្លងមកចូលរួម​ប្រកួតនៅ​ក្នុងពូល A ជាមួយ៣ក្រុម ផ្សេងទៀត គឺម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ឥណ្ឌូណេស៊ី និង U19 អ៊ីរ៉ង់ ដោយក្រុមU19 កម្ពុជានឹងត្រូវជួបប្រកួតជាមួយក្រុមU19 ឥណ្ឌូណេស៊ីមុនគេ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

នេះជា​វគ្គ​ចែកពូលចុងក្រោយ ដែលមាន៤ពូល ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា មាន១៦ក្រុម។ ២ក្រុមខ្លាំងៗនៃពូល​ទាំង​នេះ នឹងត្រូវឡើងទៅប្រកួតជម្រុះខ្វែងពូល ដើម្បីឡើងទៅបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ដោយការប្រកួតវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រគ្រោងនឹង ចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT