២​ថ្ងៃ​ទៀត Hun Sen Cup ថ្នាក់​ខេត្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រចាប់​ផ្ដើម​ហើយ

គណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ចេញកម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយត្រូវជួបគ្នាចំនួនពីរជើង ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមខេត្តសៀមរាបប៉ះព្រៃវែង ខណៈដែលខេត្តត្បូងឃ្មុំប៉ះខេត្តកែបនាថ្ងៃទី១៥ ខែកក្កដា ហើយការប្រកួតនៅជើងទី២ នឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា។ ចំពោះ៤ក្រុមនេះនឹងត្រូវឡើងទៅប្រកួត ពានរង្វាន់ សម្តេចតេជោ ថ្នាក់ជាតិជាមួយនឹង១២ក្រុមផ្សេងទៀត ដែលស្ថិតនៅក្នុងក្របខ័ណ្ឌលីគកំពូល កម្ពុជា រដូវកាល២០២០ លើកលែងតែក្រុមយុវជនបាទី ដែលដកខ្លួនមិនចូលរួមប្រកួត ប្រជែង។ ការប្រកួតថ្នាក់ជាតិ ដែលមានក្រុមចំនួន១៦នឹងត្រូវចែកឆ្នោតចែកពូលជាថ្មី។

ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចែក ចេញជាពីរថ្នាក់ គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយការប្រកួតថ្នាក់ខេត្ត គឺក្រុមថ្នាក់ខេត្តនានា បានចូលរួមប្រកួតប្រជែង ហើយក្រុមជ័យលាភីទាំង៤ក្រុមចុងក្រោយនឹងត្រូវឡើងទៅប្រកួត បន្តជាមួយក្រុមលីគកំពូលកម្ពុជា ដោយការប្រកួតថ្នាក់ជាតិ រដូវកាល ២០២០នេះមាន ១៦ក្រុម។ ការប្រកួតពានរង្វាន់សម្តេចតេជោ អនុញ្ញាតឱ្យបណ្តាក្រុមទាំងអស់ ប្រើប្រាស់តែ កីឡាករខ្មែរសុទ្ធសាធ មិនឱ្យមានកីឡាករបរទេសចូលរួម ដូចការប្រកួតលីគ នោះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT