គូ​ពិសេស! ក្រុម CFA នឹង​បើក​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​ទល់ PEKMI FC នៅ​ថ្ងៃ​សៅរ៍​នេះ

នៅ​តារាង AUPP នា​វេលា​ម៉ោង ១៦:០០ នាទី​រសៀល ថ្ងៃ​សោរ៍ ទី ​០៤ ខែ​កក្កដា ឆ្នាំ ២០២០ ​នឹង​មាន​ការ​ជួប​គ្នា​នូវ​ជំនួប 2MBET Derby គឺ​ការ​តតាំង​រវាង​ក្រុម​បាល់ទាត់​ Cambodians Fan Clun All Stars (CFA) នឹង​ត្រូវ​តតាំង​ក្រុម PEKMI FC នៅ​កម្មវិធី <<ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌>> ដែលមានការផ្សាយផ្ទាល់លើទំព័រ VEHA Media។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា​យក​ទៅ​ជួយ​ដល់​ប្អូន​ស្រី សន សារ៉ាត់ ដែល​កើត​ជំងឺ​មហារីក​ខួរ​ឆ្អឹង​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ។

បើ​តាម​ការ​បញ្ជាក់​លម្អិត​ពី​អ្នក​តំណាង​ក្រុម CFA លោក អៃ សំអូន បាន​សង្កត់​ធ្ងន់​ថា៖ “គ្រួសារ​របស់​កុមារី​ខាង​លើ​គឺ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង ដែល​ម្តាយ​ត្រឹម​ជា​អ្នក​លក់​ត្រកួន​រក​បាន​ថវិកា​ស្តួចស្តើង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​បច្ចុប្បន្ន​ស្នាក់​អាស្រ័យ​ក្រោម​ផ្ទះ​លោក​តា ស្ថិត​នៅ ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល”។

ប្រភព​បាន​បង្ហើប​ថា​បច្ចុប្បន្ន​មាន​ការ​ចូលរួម​ពី​សំណាក់​សប្បុរសជន​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​ក្រុម​នៅ​តែ​បើក​ទទួល​ការ​ចូលរួម​របស់​បងប្អូន​រហូត​ដល់​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់។ អ្នក​អាច​ចូលរួម​ឧបត្ថម្ភ​បាន​តាម​រយៈ​តំណាង​ក្រុម​បាល់ទាត់ CFA តាម​គណនី ABA: Aiy Somoun => 001061334 និង ACLEDA ទាន់​ចិត្ត => 0962260588។

បញ្ជាក់​ថា​ជានិច្ចកាល CFA តែងតែ​បង្កើត​នូវ​កម្មវិធី​សប្បុរសធម៌​ធំ​តូច​ជា​ហូរហែ ដោយ​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ ​ក្រុម​ក៏​ទើប​តែ​បញ្ចប់​ការ​ប្រកួត​សប្បុរសធម៌​ជួយ​ដល់​ប្អូន​ស្រី ស៊ាន ស្រី​និច្ច ដែល​ខ្វះខាត​ថវិកា​វះកាត់​ជើង ដែល​កាល​នោះ​ក្រុម​រៃ​អង្គាស​ថវិកា​ពី​សប្បុរសជន​បាន​ជា​ទឹក​ប្រាក់ ១ ៧៦៧ ដុល្លារ និង ១ ៣៥៣ ៥០០ រៀល​ផង​ដែរ៕​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT