ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត នឹងចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ឡើងវិញថ្ងៃព្រហស្បតិ៍នេះ

ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យរៀបចំការប្រកួតបាល់ទាត់កម្រិតយុវជនឡើងវិញក្នុងនោះការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ នឹងបន្តការប្រកួតពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២០តទៅ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត នឹងចាប់ផ្តើមការហ្វឹកហាត់ឡើងវិញពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែ មិថុនា តទៅ។

ការចាប់ផ្តើមបន្តការប្រកួតនេះ មានន័យថាក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់បឹងកេត នឹងត្រូវជួបជាមួយក្រុមយុវជន អាយ.អេស.អាយ ដង្កោសែនជ័យ ថ្ងៃទី១៩ ខែ កក្កដា នៅទីលាន KMH PARK វេលាម៉ោង ៨ព្រឹក ដែលនេះជាការប្រកួតទី២ក្នុងពូល A នៃការប្រកួតជម្រុះដំណាក់កាលទី២។គួររំលឹកថា ក្នុងពានរង្វាន់នេះ យុវជនបឹងកេត បានឆ្លងផុតដំណាក់កាលទី១ ដោយឈរកំពូលតារាងមាន ១២ពិន្ទុ ប្រកួតឈ្នះទាំង៤លើក ក្នុងនោះរួមមាន៖ ឈ្នះដង្កោសែនជ័យ ៣-២, ឈ្នះសាលាតម្រង់ទិសរាជធានីភ្នំពេញ ៦-០, ឈ្នះយុវជននគរបាលជាតិ ៩-០ និងឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៧-០ ។ រីឯក្នុងប្រកួតទី១នៅដំណាក់កាលទី២ បានយកឈ្នះលើយុវជនភ្នំពេញក្រោន ៥ ទល់នឹង ២ ផងដែរ។

ជាមួយគ្នានោះផងដែរ ក្នុងការប្រកួតពានរង្វាន់ក្រៅផ្លូវការ KMH CUP ឯនោះវិញ ក៏នឹងត្រឡប់ការប្រកួតឡើងវិញជាមួយនឹងការប្រកួតដែល យុវជនបឹងកេត ប្រកួតទល់នឹងយុវជន HFCA នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ ដែលជាការប្រកួតដំបូងក្នុងជុំទី២ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT