ព្រះខ័នរាជ វិសាខា បឹងកេត នឹងជួបគូប្រកួតដែលខ្លួនពិបាករកពិន្ទុកាលពីជួបគ្នាជើងទីមួយ

ការប្រកួតសប្តាហ៍ទី ១៥ លីគកំពូលកម្ពុជា សម្រាប់ថ្ងៃសៅរ៍នេះគឺមាន បីប្រកួត ជាមួយនឹងប្រវត្តិដែលធ្លាប់ជួបគ្នា ព្រះខ័នរាជស្វាយរៀង វិសាខា និង បឹងកេត សុទ្ធតែពិបាករកពិន្ទុ គ្រាដែលពួកគេបានជួបគូប្រកួតរៀងខ្លួនកាលពីជើងទីមួយកន្លងមក។

កាលវិភាគប្រកួត៖
-ព្រះខ័នរាជស្វាយរៀង ជួប អង្គរថាយហ្គឺរ

ក្រុមទាំងពីរ ជួបគ្នាកាលពីជើងទីមួយ ព្រះខ័នរាជ បានរងបរាជ័យក្នុងទឹកដីរបស់ខ្លួនដល់ទៅ ៣-១ ដែលវាគឺជាបរាជ័យក្នុងទឹកដីដំបូងបំផុតនារដូវកាល ២០១៨របស់ពួកគេ ។ ពួកគេនឹងជួបគ្នាម្តងទៀតនៅរសៀលនេះ នៅកីឡដ្ឋានខេត្តសៀមរាប ខណៈដែលអង្គរថាយហ្គឺរ មិនទាន់ឈ្នះម្តងឡើយក្នុង ៧ប្រកួតចុងក្រោយរបស់ខ្លួន នៅក្នុងលីគ។ ក្រុមទាំងពីរ នឹងជួបគ្នាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានសៀមរាប ។

– វិសាខា ជួប អាស៊ីអឺរ៉ុប

ទោះបីជាអាចយកឈ្នះក្រុមខ្លាំងជាច្រើន តែជួបអាស៊ីអឺរ៉ុប កាលពីជើងទីមួយ វិសាខា ចាញ់ ២-០ ដែលវាគឺជាបរាជ័យដំបូង ក្នុងចំណោមបរាជ័យតែពីរគត់សម្រាប់ក្រុមរបស់លោក ហុក សុជីវ័ន្ត ក្នុង ១៤ប្រកួតកន្លងមក។ អាស៊ីអឺរ៉ុប ក៏កំពុងស្ថិតក្នុងការស្វែងរកជ័យជម្នះទី ៦របស់ខ្លួន បន្ទាប់ពីចាញ់ ៣ប្រកួតចុងក្រោយជាប់ៗគ្នា ។ ក្រុមទាំងពីរ នឹងជួបគ្នាម៉ោង ៣រសៀល នៅកីឡដ្ឋាន AEU ។

– បឹងកេត ជួប សូលទីឡូអង្គរ៖

ស្ថិតនៅលើកំពូលតារាងនៃលីគ ប៉ុន្តែជួប សូលទីឡូ កាលពីជើងទីមួយ បឹងកេតពិបាកក្នុងការស្វែងរកគ្រាប់បាល់បំផុត ពោលគឺបានត្រឹម ១-១ ប៉ុណ្ណោះ ។ ក្រុមទាំងពីរ នឹងជួបគ្នាម៉ោង ៦ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT