ខ្សែប្រយុទ្ធភ្នំពេញក្រោន កីឡាករ ម៉ៅ ពិសិដ្ឋបានបង្ហាញអារម្មណ៍រីករាយនិងសប្បាយចិត្តពេលដែលរដ្ឋាភិបាលបានបើកភ្លើងខៀវឲ្យការប្រកួតបាល់ទាត់ក្នុងលីគនិងខាប់លេងឡើងវិញខណៈដែលរូបគេត្រូវជួយក្រោនប៉ះជាមួយវិសាខាក្នុងសប្ដាហ៍ទី៦នៃ Metfone Cambodian League។
« ខ្ញុំសប្បាយចិត្តណាស់ដែលបានមកហ្វឹកហាត់ជុំគ្នាឡើងវិញ ពួកយើងកំពុងតែត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតដែលនឹងមកដល់ ព្រោះត្រូវលេងជាមួយក្រុមខ្លាំងផង » ។
បើប្រៀបធៀបជាមួយឆ្នាំមុន ពិសិដ្ឋមានឱកាសក្នុងការបង្ហាញខ្លួនច្រើន ពោលគឺ៥ប្រកួតនៃការចាប់ផ្តើមលីគគេបានលេងទាំង៥តែម្តង ហើយនេះគឺជាចំនុចវិជ្ជមានមួយក្នុងការអភិវឌ្ឍន៍ខ្លួនរបស់គេពីមួយឆ្នាំទៅមួយឆ្នាំ ។
« ឆ្នាំនេះខ្ញុំបានលេងច្រើន ខ្ញុំមើលឃើញថាខ្លួនឯងពេលខ្លះក៏ធ្វើបានល្អ និងពេលខ្លះក៏ធ្វើមិនបានល្អដែរ ប៉ុន្តែសម្រាប់ខ្ញុំគឺនៅតែបន្តការខំប្រឹងបន្ថែមទៀតដើម្បីឲ្យគ្រូទុកចិត្តបានលេងក្នុងជម្រើស១១នាក់ជាបន្តបន្ទាប់ទៀត ។ ក្រុមរបស់យើងក៏ធ្វើបានល្អច្រើនដែរ ព្រោះឆ្នាំនេះពួកយើងយល់ចិត្តគ្នាច្រើន ដូច្នេះខ្ញុំសង្ឃឹមថាពួកយើងនៅតែធ្វើបានល្អបន្តទៀត » ៕
អត្ថបទនិងរូបភាព៖ភ្នំពេញក្រោន