លោក Jesus Olmo ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកគ្រូពេទ្យប្រចាំក្លឹប Real Madrid កាលពីចន្លោះឆ្នាំ ២០១៣ ដល់ ២០១៧ ដោយអំឡុងពេលនោះគឺជួនពេលដែល Real ធ្លាប់ឈ្នះពាន LaLiga និង Champions League ក្រោមការដឹកនាំរបស់លោក Zinedine Zidane។
ជជែកកកាយដល់រឿងចាស់លោក Olmo បានទម្លាយពីភាពមិនចុះសម្រុងនូវការគិតរបស់លោក ជាមួយនឹងប្រធានក្រុម Sergio Ramos ដែលថាជានិច្ចកាលរមែងតតាំងពាក្យសម្តីគ្នាតែញយលើការផ្តល់យោបល់ទៅមកនេះ។
ប្រាប់ Ideal de Granada លោក Olmo និយាយ៖ “Sergio និងខ្ញុំរមែងធ្លាប់ហែកមុខយក្សដាក់គ្នា ដោយគាត់ជាប្រភេទមនុស្សដូចខ្ញុំអ៊ីចឹងគឺនិយាយចំៗ ពេលខ្លះទៅគាត់ធ្វើរឿងដែលខ្ញុំមិនពេញចិត្ត ហើយខ្ញុំក៏បានពន្យល់ទៅគាត់ដែរ”។
លោកបន្ថែម៖ “យើងការពារតួនាទីរបស់យើងរៀងខ្លួន ដោយការគោរពបំផុត ត្បិតបើយើងមានការគិតខុសគ្នា តែទំនាក់ទំនងរវាងយើងគឺនៅតែល្អខ្លាំងដដែល”៕ ប្រភព៖ Marca