ការប្រកួតជើងទីពីរ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ កាលពីម្សិលមិញនេះ គូរវាងក្រសួងការពារជាតិ និងអាស៊ីអឺរ៉ុប បញ្ចប់ទៅដោយលទ្ធផល ៧-១ ជាមួយនឹងស្ថានភាពដ៏តានតឹង ដែលនៅចុងម៉ោងនៃការប្រកួត។
ហេតុការណ៍បានកើតឡើងនៅចុងវគ្គទីពីរ ពេលដែលកីឡាករចំណូលថ្មីរបស់ក្រសួងការពារជាតិ ង៉ែត លីទី បានបណ្តើរបាល់ព្យាយាមស៊ុតបញ្ចូលទី តែត្រូវអ្នកចាំទីរបស់អាស៊ីអឺរ៉ុប ខា ធារ៉ា លោតធាក់មួយជើងពេញទំហឹង នៅក្នុងប្រអប់គ្រោះថ្នាក់។
ភ្លាមៗនោះលោកអាជ្ញាកណ្តាល ក៏បានលើកកាតក្រហម ភ្លាមៗ ឲ្យទៅអ្នកចាំទីអាស៊ីអឺរ៉ុប ខណៈដែលផ្តល់បាល់ពិន័យ ១១ម៉ែត្រ ឲ្យក្រសួងការពារជាតិ។
ង៉ែត លីទី ក៏ជាអ្នកដែលស៊ុតបាល់ពិន័យនោះផងដែរ ដោយសម្រេចគ្រាប់ទី ៧ ឲ្យទ័ព នាំមុខអាស៊ីអឺរ៉ុប ៧-១ ។
ក្រោយចប់ការប្រកួត កីឡាករដែលទើបត្រលប់មកពីលីគទី ៤ របស់ថៃ រូបនេះ បានបង្ហាញចំណាប់អារម្មណ៍ទាំងសោកស្តាយថា៖ « ហេតុអ្វីតែងតែជាខ្ញុំអញ្ចឹង !!! ទើបតែជាពីរបួសហើយ ឥលូវរបួសទៀតហើយ លើកនេះអាចនឹង ១ទៅ ២ខែ » ។
លីទី និយាយបន្តថា « ករណីនេះគឺជាបំណង ១០០% » ។
ក្រោយពីការប្រកួតនេះទៅ អតីតកីឡាកររបស់ក្លិបបឹងកេតរូបនេះ អាចនឹងត្រូវប្រើប្រាស់រយៈពេល ១ ទៅ ២ ខែ ដើម្បីព្យាបាលរបួស និងត្រឡប់មកដូចដើមវិញ ខណៈដែលគ្រូបង្វឹករបស់ក្រសួងការពារជាតិ លោក ភា សុភ័ត្រ្តា បានករណីអ្នកចាំទីរបស់អាស៊ីអឺរ៉ុបដែលទទួលបានកាតក្រហមនោះ មិនមែនទើបតែម្តងទេសម្រាប់ទង្វើរបស់គេ ប៉ុន្តែមិនឃើញមានការពិន័យបន្ថែម។
ក្រឡែកទៅភាគីខាងបង្កវិញ អ្នកចាំទី ខា ធារ៉ា បានប្រើប្រាស់គណនីហ្វេសប៊ុករបស់ខ្លួន សរសេរនូវសារមួយលើវីដេអូ ករណីរបួសដូចគ្នាកាលពីជើងទីមួយថា៖ « អស់ឱ… ពួកអស់លោកដែរស្ទេីរខួរ ហេីយ អា page ខ្វះសតិដែលជ្រុលនិយមសូមទស្សនា Video នេះផង មុននឹងអស់លោកវិភាគ មុនអស់លោកអោយនិយាយសម្ដីឆ្កែចេញមក …. និយាយមកធ្វេីដូចខ្លួនឯងល្អណាស់ អាចម៍សុទ្ធហ្ហាស …… មេីលឃេីញទង្វេីរគេ តែមិនឃេីញទង្វេីរខ្លួនឯង អាណិតអញទៅខ្មាស់គេផង ….. វិភាគផងណាស់ បងៗស្ទេីរខួរ នឹង ផេកខ្វះសតិ » ។
គួររំលឹកថា ក្រសួងការពារជាតិ បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយឈ្នះលើលទ្ធផលសរុប ១០ ទល់នឹង ២ ៕