Mefone Cambodian League និង​ Hun Sen Cup មិន​ទាន់​អាច​ចាប់ផ្ដើមម្ដង​ទៀត​បាន​ទេ

ការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា និងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗទាំងនេះ​មិនទាន់វិលត្រឡប់​មកវិញបាននោះទេ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តការរីករាលដាល។ នេះបើតាមលោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បាន​ឲ្យ​ដឹង។

លោកបញ្ជាក់ថា ពេលនេះពុំទាន់អាចបញ្ជាក់ពីគម្រោងដំណើរការប្រកួតឡើងវិញ​នៃក្រប​ខ័ណ្ឌ​កំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បាននៅឡើយ ដោយការប្រកួត​ទាំង​ពីរកម្រិត នៅតែបន្តផ្អាក នាខែមេសានេះ អាស្រ័យលើស្ថានភាពជាក់ស្តែង និងសេចក្តី​ប្រកាស ឬការណែនាំរួមពីថ្នាក់ដឹកនាំ។ លោក ឈី កុលបុត្រា បានអះអាងថា៖ “យោងតាម​ការ​ប្រកាសរបស់រាជរដ្ឋាភិបាលមិនឱ្យមានការប្រមូលផ្តុំលើសពី១០នាក់ទេ ដូច្នេះការប្រកួត​បាល់​ទាត់នេះ​លើសគោលការណ៍បែបនេះបាត់ទៅហើយ និងក៏អត់ទាន់មានការណែនាំ​ណាពីថ្នាក់​ជាតិ ឬក្រសួង ឬស្ថាប័នណាឱ្យយើងដែរ”។

លោក​បាន​បន្ត​ថា៖” ដូចឃើញស្រាប់ហើយសេចក្ដីថ្លែងការណ៍​ចេញ​មក​មិនឱ្យមានការជួបជុំនៅឡើយជារួម។ ជាក់ស្ដែងការប្រកួតយើង គ្រាន់តែមួយក្រុមមាន​កីឡាករលើសការហាមប្រាមនេះបាត់ទៅហើយ ចុះទម្រាំពីរក្រុមទៀត ទោះយើង​លេងបិទ​ទ្វារក៏ដោយ ក៏មានចំនួនកាន់តែច្រើនទៀត។” លោកាបានបន្ថែមថា យើងព្យាយាមកុំ​ឱ្យប៉ះ​ពាល់គ្នានាពេលបច្ចុប្បន្ននេះសិន ចាំមើលការណែនាំពីថ្នាក់ដឹកនាំ ឬសេចក្តីប្រកាសថ្នាក់ជាតិ ឬក៏ក្រសួងសិន បើគាត់ចេញគោលការណ៍ថ្មីបែបណាទៀត ចំាយើងនឹងយកមកពិភាក្សា​ក្នុងក្រុមការងារ ក៏ដូចជាមួយក្លឹបបាល់ទាត់ទាំងអស់ជាសមាជិក”។

ការប្រកួតក្របខ័ណ្ឌកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ២០២០ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារបញ្ហាជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដោយការប្រកួតលីគកំពូលបានសម្រាកត្រឹមវគ្គសន្សំពិន្ទុសប្តាហ៍ទី៥ ខណៈការ​ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានផ្អាកត្រឹមវគ្គជម្រុះក្នុងពូលថ្នាក់ខេត្ត៕

 

រូបភាព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT