ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង Privat Mbarga ជា​កីឡាករធ្វើឲ្យ​ កែវ សុខសិលា ពិបាកជាង​គេ

អ្នកចាំទី កែវ សុខសិលា បង្ហើបថា រយៈពេលមួយឆ្នាំចុងក្រោយនេះ មានខ្សែប្រយុទ្ធចំនួន៣រូបនៅក្របខណ្ឌ Metfone Cambodian League តែងតែបង្កការលំបាកដល់គេរាល់ពេលប៉ះគ្នាដែលក្នុងនោះមាន ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង Privat Mbarga។

ទាំងកីឡាករស្នូលព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា របស់បឹងកេត ត្រូវបានអ្នកចាំទីវិសាខា កែវ សុខសិលា ពណ៌នាថា សុទ្ធតែមានការបញ្ចប់ទីច្បាស់ដូចគ្នា។ ចំណែកខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Privat មានភាពស្និទ្ធស្នាលខ្លាំងជាមួយបាល់ ហើយតែងតែសម្រុកទៅមុខ។

សមាជិកក្រុមជម្រើសជាតិកម្ពុជាពន្យល់ “៖បើបងកាពេលណាមានបាល់ គាត់ច្បាស់ជាមួយបាល់ ហើយការបញ្ចប់ទីរបស់គាត់ក៏ច្បាស់។ បើបងត្តមមិនខុសគ្នាប៉ុន្មានទេ ពេលគាត់មានបាល់គាត់ព្យាយាមទៅមុខ។ ការ free-kick និងការបញ្ចប់ទីរបស់គាត់ក៏ច្បាស់ដូចគ្នា អ៊ីចឹងទៅធ្វើឲ្យយើងពិបាក។ បើ Privat គឺមានភាពស្និទ្ធស្នាលជាមួយបាល់។ គាត់ឆ្លាតពេលមួយទល់មួយ ហើយតែងតែសម្រុកទៅមុខ ហើយការបញ្ចប់ទីរបស់គាត់ក៏ច្បាស់។ អ៊ីចឹងពេលណាគាត់បានបាល់ គឺគ្រោះថ្នាក់”។

គេចាំបានថា កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ ចាន់ វឌ្ឍនាកា បានទាត់បញ្ចូលទី៣គ្រាប់ម្នាក់ឯងរំលងដៃកែវ សុខសិលា ក្នុងចំណោមជ័យជម្នះ៤ទល់នឹង០របស់បឹងកេត ទម្លាក់វិសាខា។

ដោយឡែកនៅរដូវកាល២០២០នេះ ក្លិបវិសាខារបស់កែវ សុខសិលា ទើបតែបានជួបបឹងកេតមួយប៉ុណ្ណោះកាលចុងខែកុម្ភៈកន្លងទៅ នៅឡើយតែព្រះខ័នរាជស្វាយរៀង។ កាលណោះ វិសាខាចាញ់ម្ចាស់ផ្ទះបឹងកេត១ទល់នឹង០ ទាត់បញ្ចូលទីដោយខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Mothusi Gopane។

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT