ក្រោយ​ប៉ះ​ទង្គិច​ពាក្យ​សម្តី ​បើ​ប្រៀបធៀប ១០ ឆ្នាំ​ចុង​ក្រោយ Giroud/Benzema មួយ​ណា​ល្អ​ជាង?

ថ្មីៗ​នេះ Karim Benzema បាន​បោះ​សម្តី​បញ្ឈឺ​ទៅ​លើ Olivier Giroud ​ថា​កុំ​យក​ឡាន​ប្រណាំង Formula 1 ទៅ​ប្រៀបធៀប​ជាមួយ​នឹង​ឡាន​ប្រណាំង​របស់​ក្មេង ដែល​ចង់​សំដៅ​ថា​ខ្លួន​ជា​ឡាន​ប្រណាំង F1 ដែល​មាន​ប្រៀប​ដាច់​ឆ្ងាយ។

ជុំវិញ​រឿងរ៉ាវ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កីឡាករ​ទាំង​ពីរ​ផ្ទុះ​ភាព​រកាំរកូស​លើ​បណ្តាញ​សង្គម ដោយ​គាំទ្រ​កីឡាករ​ដែល​ខ្លួន​ស្រលាញ់​រៀង​ខ្លួន។ ចុះ​បើ​ប្រៀបធៀប​ឲ្យ​ដាច់​ពី​ស្ថិតិ​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ តើ​ខ្សែ​ប្រយុទ្ធ​វ័យ​ចាស់​វស្សា​ទាំង​ពីរ មួយ​ណា​ល្អ​ជាង​មួយ​ណា?

តាម​ស្ថិតិ​ចេញ​ពី WhoScored បាន​បង្ហាញ​ថា​ការ​ប្រកួត​ក្នុង​លីគ​សុទ្ធ​នៅ ១០ រដូវ​កាល​ចុង​ក្រោយ​ការ​បង្ហាញ​ខ្លួន​របស់ Benzema មាន ២៦២ លើក​សរុប ដោយ​រក​បាន ១៥៤ គ្រាប់ Assist ៧៦ លើក ស្ថិតិ​នាទី​រៀងរាល់​មួយ​គ្រាប់ ១៤៤,៥ ដែល​សុទ្ធ​សឹង​ជា​តួ​លេខ​យក​ឈ្នះ​ Giroud ទាំង​អស់។

បើ​ធៀប​នឹង Giroud បង្ហាញ​ខ្លួន ២០៦ ប្រកួត រក​បាន ១១៣​ គ្រាប់ Assist ៤១ លើក ស្ថិតិ​នាទី​រៀងរាល់​មួយ​គ្រាប់ ១៧០,៧ ហើយ​អ្វី​ដែល​ឈ្នះ​គឺ​ចំនួន​ស៊ុត​រៀងរាល់ ៩០ នាទី ដែល Giroud ធ្វើ​បាន ៣,៦ ជើង ខណៈ​គូ​ប្រជែង​បាន​ ៣,៤ ជើង។

ជា​រួម​គឺ​ស្ថិតិ​របស់ Benzema មាន​ប្រៀប​ជាង អ៊ីចឹង​តើ​អ្នក​យល់​ស្រប​នូវ​សម្តី​ដែល​ខ្សែ​ប្រយុទ្ធ Real Madrid បោះ​ឌឺដង​ទៅ​ខ្សែ​ប្រយុទ្ធ Chelsea ខាង​លើ​ដែរ​ឬ​ទេ?

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT