ខ្សែបម្រើមួយរូបរបស់កម្ពុជា គឺកីឡាករ ង៉ែត លីទី ដែលកាលពីដើមឆ្នាំ២០១៨ កន្លងទៅនោះ ត្រូវបានចុះកុងត្រាលេងឲ្យក្លិប Chanthaburi សមាជិកលីគទី៤របស់ថៃ ពេលនេះបានត្រឡប់មកចូលរួមក្លិបក្រសួងការពារជាតិ ក្នុងលីគកំពូលកម្ពុជា។
បង្ហើបប្រាប់ក្រុមការងារ CTS Sport កីឡាករវ័យក្មេងរូបនេះបានបង្ហាញថា មូលហេតុដែលធ្វើឲ្យគេត្រឡប់មកកម្ពុជាវិញ គឺព្រោះគោលបំណងចង់ជាប់ជម្រើសជាតិកម្ពុជា ដើម្បីបង្ហាញមុខមាត់ឲ្យជាតិ ក្នុងការប្រកួតធំៗ។
លីទី ក៏បានប្រាប់ផងដែរថា ពេលវេលានៃការផ្ទេរមកក្លិបក្រសួងការពារជាតិនេះគឺមានពេលវេលាខ្លីពេកសម្រាប់ខ្លួន ប៉ុន្តែរូបគេអាចសុំាបាន ៥០% ហើយទៅនឹងប្រព័ន្ធលេងរបស់ទ័ព ដែលមានភាពខុសប្លែកពីប្រព័ន្ធលេងនៅប្រទេសថៃ ។
ដោយសារធ្លាប់ជាអតីតកីឡាករហ្វ៊ូតសាល ស្ថិតក្រោមការដឹកនាំរបស់លោក ភា សុភ័ត្ត្រា (បច្ចុប្បន្នគ្រូបង្វឹកក្រសួងការពារជាតិ) កីឡាកររូបនេះ អះអាងថា មិនយូរនោះទេ ដែលរូបគេនឹងអាច យល់ពីទិចនិចនៃការលេងរបស់ក្រុម ។
សម្តីមួយឃ្លារបស់ង៉ែត លីទី ដែលក្រុមការងារ CTS Sport កត់សម្គាល់ក្នុងបទសម្ភាសន៍៖ « គ្រប់កីឡាករទាំងអស់ គឺសុទ្ធតែមានបំណងប្រាថ្នាជាប់ក្នុងក្រុមជម្រើសជាតិ » ៕