Man Utd សម្លឹង​ឃើញ​ខ្ញី​ចាស់​នៅ Inter មួយ​រូប ដែល​លែង​ត្រូវ​ចិត្ត​របស់​គ្រូ​ធំ Conte

ក្លឹប Manchester United កំពុង​សម្លឹង​ក្នុង​ការ​នាំ​យក Diego Godin មក​ចូលរួម​នៅ Old Trafford នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ​នេះ បន្ទាប់​ពី​ខ្សែ​ការពារ​វ័យ​ចំណាស់​មិន​អាច​ចូលចុះ​ជាមួយ​ក្លឹប Inter Milan ដែល​លោក​បាន​ចុះ​ហត្ថលេខា​ក្រោយ​ចាកចេញ​ពី At Madrid។

ប្រភព​ពី Corriere dello Sport បាន​ចុះ​ផ្សាយ​ថា Godin លែង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នកចាត់ការ​លោក Antonio Conte ទ​ទៅ​ទៀត​ហើយ ពោល​កីឡាករ​វ័យ ៣៤ ឆ្នាំ​រូប​នេះ ហាក់​មិន​អាច​សម្រប​ទៅ​នឹង​ប្រព័ន្ធ​លេង​របស់​គ្រូ​បង្វឹក​លោក Conte ទាល់​តែ​សោះ។

សម្រាប់​លោក Ole Gunnar Solskjaer ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចាប់​អារម្មណ៍​លើ Godin ជា​ពន់ពេក និង​ចង់​នាំ​យក​រូប​គេ​ចេញ​ពី​ទឹកដី San Siro ​ក្នុង​គោលដៅ​មក​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ខ្លួន ខណៈ​ដែល​បច្ចុប្បន្ន​ត្បិត​មាន​កីឡាករ​ច្រើន​ហើយ​ក្តី​ដូច​ជា Harry Maguire, Victor Lindelof, Eric B ailly និង Axel Tuanzebe ក៏​មិន​ទាន់​ឃើញ​នរណា​ម្នាក់​ល្អ​ឥតខ្ចោះ​នៅ​ការពារ​កណ្តាល​នៅ​ឡើយ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT