Zlatan និង Donnarumma អាច​លែង​បាន​បន្ត​ឈរ​ជើង​នៅ AC ដោយសារ​ហេតុផល​ម្យ៉ាង

ទន្ទឹម​នឹង​កុងត្រា​ខ្ចី​ជើង​រយៈ​ពេល ៦ ខែ​របស់ Zlatan Ibrahimovic នៅ​ក្លឹប AC Milan កៀក​នឹង​បញ្ចប់ តាម​សារព័ត៌មាន GdS បាន​ចុះ​ផ្សាយ​ថា​អនាគត​របស់​កីឡាករ​ស៊ុយអែត​ជាមួយ​ក្លឹប​អ៊ីតាលី​គឺ​ទំនង​ជា​ត្រូវ​ចប់​សព្វគ្រប់​ត្រឹម​រដូវ​កាល​នេះ​ហើយ ពោល​គ្មាន​ការ​បន្ត​កុងត្រា​ថ្មី​ទៀត​ឡើយ។

មូលហេតុ​ក៏​ដោយ​សារ​ទំនាក់ទំនង​មិន​ត្រូវរ៉ូវ​គ្នា​រវាង​នាយក​ប្រតិបត្តិ​ក្លឹប AC Milan គឺ​លោក Ivan Gazidis និង​ភ្នាក់ងារ​រត់ការ​របស់ Zlatan គឺ​លោក Mino Raiola ដែល​អ្នក​ទាំង​ពីរ​ហាក់​សោះកក្រោះ​នឹង​គ្នា​ជា​ខ្លាំង រហូត​ដល់​ថ្នាក់ Raiola ធ្លាប់​ប្រកាស​ក្តែងៗ​ថា​ AC ដើរ​ផ្លូវ​ខុស ហើយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អ្នក​គ្រប់គ្រង​ក្លឹប​ទៀត​ផង។

ជា​លទ្ធផល​មិន​ត្រឹម​ប៉ះពាល់​ដល់​អនាគត​របស់ Zlatan ឡើយ ទៀត​សោត​ទាំង​អ្នកចាំទី​វ័យ​ក្មេង Gianluigi Donnarumma ដូច​គ្នា គឺ​រំពឹង​ចាកចេញ​ ក្រោយ​កុងត្រា​ត្រូវ​បញ្ចប់​នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ។ វា​ក៏​ជា​តម្រូវការ​ចាំ​បាច់​របស់​ក្លឹប ត្បិត​ត្រូវ​ជ្រើសរើស​ផ្លូវ​ដើរ​ទាំង​ឈឺចាប់​ក្នុង​ការ​ជម្រុះ​កីឡាករ ព្រោះ​ដើម្បី​ប៉ះប៉ូវ​លើ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្លឹប​ទាំង​មូល​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT