AFF U-19៖ ឈ្នះរសៀលនេះមិនអាចឲ្យកម្ពុជាទៅវគ្គបន្តទេ តែអាចរារាំងទីម័រខាងកើតឲ្យធ្លាក់បាន

ការប្រកួតបាល់ទាត់យុវជន AFF U-19 Championship 2018 បានឈានដល់ប្រកួតបិទពូលហើយ ដោយក្នុងរសៀលនេះដោយក្នុងពូល A បានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ គឺ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងថៃ ខណៈពូល B នៅសល់មន្ទិលខ្លះៗ។

– កម្ពុជា ប្រកួតទល់នឹង ទីម័រខាងកើត (ម៉ោង ៣:៣០នាទីរសៀល)
– ម៉ាឡេស៊ី ប្រកួតទល់នឹង មីយ៉ាន់ម៉ា (ម៉ោង ៧យប់)

លទ្ធផលឈ្នះមិនអាចឲ្យកម្ពុជាបន្តទៅវគ្គក្រោយទៀតបានឡើយ ខណៈពួកគេបានធ្លាក់ដោយស្វ័យប្រវត្តិទៅហើយ ក្រោយឆ្លងកាត់ ៣ប្រកួត រកបានត្រឹម ៣ពិន្ទុ ។ ប៉ុន្តែលទ្ធផលឈ្នះនឹងធ្វើឲ្យទីម័រខាងកើតបាត់បង់ឱកាសដណ្តើមកៅអីមួយទៅកាន់វគ្គបន្ត គ្រាដែល ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា មានពិន្ទុស្មើគ្នា (៧ពិន្ទុ) ។

បើត្រឡប់ទៅកាលពីឆ្នាំ ២០១៧ ក្រុមទាំងពីរធ្លាប់បានជួបគ្នាម្តងក្នុងវគ្គជម្រុះពូល A តែកាលនោះបានត្រឹមចែកពិន្ទុគ្នា ពីលទ្ធផល ១-១ ប៉ុណ្ណោះ ខណៈក្រុមទាំងពីរ ស្ពាយបង្វិចត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។

យ៉ាងណាក្តី លទ្ធផលរបស់ទីម័រខាងកើត គឺល្អជាងកម្ពុជា ព្រោះពួកគេប្រកួតស្មើជាមួយនឹង មីយ៉ាន់ម៉ា ២-២ និងម៉ាឡេស៊ី ១-១ ខណៈដែលក្រុមទាំងពីរនោះសុទ្ធតែបានយកឈ្នះកម្ពុជា ។

ចាំមើលថាតើពីរក្រុមណានឹងឡើងទៅជួប ឥណ្ឌូនេស៊ី និងថៃ ដែលរង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT