ក្នុងការប្រកួតនៅសប្ដាហ៍ទី ២ពានរង្វាន់ Metfone Cambodian League រដូវកាល ២០២០ ក្រុមភ្នំពេញក្រោនបានយកឈ្នះយុវជនបាទីក្នុងលទ្ធផល៧ទល់០ ខណៈដែល៧គ្រាប់នេះរកបានដោយកីឡាករ Timothy Okereke ៣គ្រាប់កីឡាករ Masaaki Ideguchi, Esoh Omogba, Andres Nieto និងកីឡាករ សេត រ៉ូហ្សាក់ រកបានមួយគ្រាប់ម្នាក់ៗបន្ថែមទៀត។
លោក ស៊ុំ វណ្ណា បាននិយាយប្រាប់ ppcfc.com ថា៖«វាជាលទ្ធផលល្អ ប៉ុន្តែវាមិនមែនជាការបង្ហាញទម្រង់លេងដែលយើងចង់ឃើញនោះទេ។ យើងដឹងមុនការប្រកួតថាយើងនឹងឈ្នះការប្រកួតនេះប៉ុន្តែការបង្ហាញ និងបច្ចេកទេសក្រុមមិនសូវល្អ នោះទេ»។
«ខ្ញុំគិតថាយើងត្រូវការកែលម្អនៅក្នុងការប្រកួតបន្ទាប់។ កីឡាករត្រូវស្វែងយល់ឱ្យកាន់តែច្បាស់ទាក់ទងនឹងស្ថានភាពជាក់ស្តែងក្នុងពេលប្រកួត តើពួកគេគួរធ្វើអ្វីនៅពេលយើងឈ្នះ ឬចាញ់»។
«យើងបានប្រឈមនឹងគូប្រកួតពីរដែលមិនប្រើកីឡាករបរទេស ដូច្នេះយើងធ្វើបានយ៉ាងល្អក្នុងការការពាររបស់យើង។ យើងនឹងដឹងកាន់តែច្បាស់ពីរបៀបការពាររបស់យើងពេលយើងជួប អាស៊ីអឺរ៉ុបយូណាយធីត»។
«ខ្ញុំគិតថាយើងមានការចាប់ផ្តើមដ៏ល្អមួយសម្រាប់រដូវកាលថ្មី ហើយយើងបានប្រឈមនឹងក្រុមដែលយើងអាចទទួលបានលទ្ធផល។ នេះអាចផ្តល់ឱ្យយើងនូវការលើកទឹកចិត្តដ៏ធំ និងជាឱកាសសម្រាប់ពួកយើងដើម្បីឈរនៅលើកំពូលតារាងលីគ។ យើងនឹងព្យាយាមរក្សាជំហរនេះ»។
«យើងត្រូវតែធ្វើឲ្យប្រសើរឡើង ហើយយើងនឹងព្យាយាមរៀបចំក្រុមដ៏ល្អមួយដើម្បីត្រៀមនឹងការប្រកួតជាមួយ អាស៊ីអឺរ៉ុបយូណាយធីត នៅក្នុងទឹកដី»។
ពេលនេះក្រោនឈរកំពូលតារាងបណ្ដោះអាសន្ន ផលសងគ្រាប់បាល់ចំណេញមាដល់ទៅ១០គ្រាប់ក្រោយឈ្នះ២ប្រកួតដំបូង មាន៦ពិន្ទុស្មើជាមួយព្រះខ័នរាជស្វាយរៀងដែលមាន៦ពិន្ទុដូចគ្នាតែគ្រាប់បាល់ចំណេញតិចជាង៕