Andres Nieto ប្រាប់មូលហេតុអាចលេង​ក្នុងក្រុមបានល្អ​និង​សម្របខ្លួនជាមួយបាល់ទាត់នៅកម្ពុជាបានឆាប់រហ័ស

កីឡាករ Andres Nieto ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន ទើបបានចុះកិច្ចសន្យានាំមកនារដូវកាល២០២០នេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ជូលទី ក្នុងបង្ហាញខ្លួនលើកដំបូងជាមួយក្រុមនៃជំនួបបើកឆាកលីគកំំពូលកម្ពុជា ដោយយកឈ្នះក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា លទ្ធផល៣ទល់០ នៅលើកីឡដ្ឋាន Smart RSN កាលពីថ្ងៃសៅរ៍កន្លងទៅ។

ទម្រង់លេងល្អបែបនេះគឺបង្ហាញពីសញ្ញាវិជ្ជមានសម្រាប់ Nieto ដែលអាចសម្របខ្លូនបានយ៉ាងឆាប់រហ័សជាមួយក្រុម និងបាល់ទាត់នៅកម្ពុជា។ ជាក់ស្តែងរូបគេបានលើកឡើងថាអ្វីនៅទីនេះគឺស្រដៀងទៅស្រុកកំណើតរបស់ខ្លូននៅឯប្រទេសកូឡុំប៊ី។

ខណៈខាងក្រោមនេះគឺជាសម្តីទាំងស្រុងរបស់ Andres Nieto ក្រោយបញ្ចប់ការប្រកួតយកឈ្នះ អគ្គិសនីកម្ពុជា ៣ទល់០ ក្នុងសប្តាហ៍ទី១ នៃលីគកំពូលកម្ពុជា៖

«ដំបូងខ្ញុំគឺបារម្ភទៅលើពាក់ព័ន្ធជាមួយសីតុណ្ហភាព និងម្ហូបអាហារ សម្រាប់ការស្នាក់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែពេលមកដល់ទីនេះសីតុណ្ហភាព និងអ្វីផ្សេងៗទៀតស្រដៀងនឹងប្រទេសរបស់ខ្ញុំ(កូឡុំប៊ី) ដូច្នេះការសម្របខ្លួនមិនសូវជាមានបញ្ហាប៉ុន្មាននោះទេ។ ចំណែកការសម្របខ្លួនជាមួយប្រព័ន្ធលេង និងយុទ្ធសាស្ត្ររបស់ក្រុម គឺមានភាពងាយស្រួលដោយសារក្រុមការងារបច្ចេកទេសបានពន្យល់ខ្លីៗ និងជាដំណាក់កាល ដើម្បីអាចស្វែងយល់បានលឿន»។

«ខ្ញុំមានចំណាប់អារម្មណ៍សម្រាប់ការលេងនៅប្រកួតទី១គឺក្រុមយើងទាំងមូលរៀបចំបានល្អ ទាំងតំបន់ការពារ, កណ្តាល និងប្រយុទ្ធ។ អ្វីជាគោលការណ៍របស់យើងតាមរយៈធ្វើការជាមួយគ្នាមួយរយៈធំមកនេះ គឺយើងបានស្វែងយល់ពីគ្នាបានច្រើន។ សម្រាប់ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី (assits) បានកើតចេញពីការហ្វឹកហាត់ដោយយើងព្យាយាមលេងបាល់ឲ្យបានច្រើននៅតំបន់ខាង និងបញ្ជូនបាល់ទៅកណ្តាលដើម្បីបញ្ចប់ទី។  នេះគឺជាផែនការដែលយើងបានធ្វើអំឡុងពេលការហ្វឹកហាត់សម្រាប់ត្រៀមជាមួយ អគ្គិសនីកម្ពុជា»៕

ប្រភព៖ PPCFC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT