ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០២០ចាប់ផ្ដើមពីថ្ងៃទី០៤ ខែកុម្ភៈតទៅ

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២០ នឹងចាប់ផ្ដើមពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ តទៅ ដោយមាន១៧ក្រុមចូលរួម និងបែងចែកជា៥ពូល ប្រកួតរៀងរាល់ថ្ងៃអង្គារ និងពុធ។

ក្រុមលេខមួយប្រចាំពូលនីមួយៗបូករួមទាំងក្រុមលេខពីរល្អបំផុត៣ក្រុមក្នុងចំនោមទាំង៥ពូលនឹងឡើងទៅកាន់វគ្គ១ភាគ៤ ដែលចាប់ផ្ដើមពីថ្ងៃទី០៧ ខែមេសា។ ចំណែកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា និងថ្ងៃទី០៦ ខែឧសភា។

វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា។ ការប្រកួតចាប់ពីវគ្គចែកពូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានចំនួនពីរជើងដូចៗគ្នា។

សម្រាប់ក្រុមដែលចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤ នៅថ្នាក់ខេត្តនឹងឡើងទៅប្រកួតប្រជែងថ្នាក់ជាតិជាមួយក្លិបចំនួន១២ផ្សេងទៀតនៅក្របខណ្ឌ Metfone Cambodian League។ ដោយឡែកយុវជនសាលាបាល់ទាត់ជាតិបាទីនឹងមិនចូលរួមឡើយ។

គួររំឭកថា ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩កន្លងទៅ តំណែងជើងឯកថ្នាក់ខេត្តគ្រប់គ្រងដោយខេត្តត្បូងឃ្មុំ ខណៈបឹងកេតឈ្នះជើងឯកថ្នាក់ជាតិលើកដំបូង៕

ប្រភព CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT