ពានយុវជន U19៖ កម្ពុជាប៉ះក្រុមខ្លាំងម៉ាឡេស៊ី ដើម្បីសន្សំពិន្ទុបង្កើតកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅក្នុងពានរង្វាន់ AFF U19 នាម៉ោង៣:៣០នាទីរសៀលនេះ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីសន្សំពិន្ទុឆ្ពោះទៅបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូង។

បច្ចុប្បន្នក្រុមគោព្រៃកំពុងឈរកំពូលតារាង តាមរយៈ៣ពិន្ទុពីជ័យជម្នះលើប្រ៊ុយណេ ៥ទល់និង០។ ចំណែកម៉ាឡេស៊ីពុំទាន់មានពិន្ទុឡើយ ដោយសារនេះជាប្រកួតដំបូងរបស់ពួកគេ។ សម្រាប់កម្ពុជា បើបាន៣ពិន្ទុទៀត នឹងកាន់៦ពិន្ទុពេញ ហើយសល់២ប្រកួតចុងក្រោយជាមួយក្រុមកម្រិតប្រដំប្រសង មីយ៉ាន់ម៉ា និងទីម័រ។

ចំពោះក្រុមគោព្រៃពុំដែលហែលឆ្លងផុតវគ្គចែកពូលទេពីមុនមក។ ដូច្នេះការបង្ហាញខ្លួនលើកដំបូងទំនងជាគោលដៅចម្បងរបស់គ្រូនិងក្រុមចង់បាន។

ចំពោះតាកទិចក្រុម លោក Musashi នៅពុំទាន់បង្ហាញខ្សែប្រយុទ្ធជើងច្បាស់ សៀង ចន្ធា ឲ្យលេងឡើយកាលពីប្រកួតទី១។ ដូច្នេះការទុកតារាជើងស៊ុតមួយនេះ ជាកូនសោក្រឡុកគូប្រកួតនៅពេលប៉ះគ្នាជាបន្តបន្ទាប់។

បន្ទាប់ពីប៉ះម៉ាឡេស៊ី កម្ពុជា នឹងបន្តប៉ះ មីយ៉ាន់ម៉ានៅថ្ងៃទី០៨ និងបន្តស្វែងរកពិន្ទុពីទីម័រ នៅថ្ងៃទី១០ ខែកក្កដាខាងមុខ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT