Zidane ​៖ Real Madrid ​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​នៅ​ខែ​មករា​នេះ​ទេ​

លោក Zidane ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​បន្ថែម​ឡើយ​នៅ​ខែ​មករា​ខាង​មុខ​នេះ ​បើ​ទោះ​ជា​ក្រុម​បច្ចុប្បន្ន​កំពុង​ជួប​បញ្ហា​រក​គ្រាប់​បាល់​ក៏​ដោយ។

​ក្រុម​ Real Madrid ​បាន​ត្រឹម​ស្មើ​ក្រុម​ Athletic Club ​០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​លីគ​អេស្ប៉ាញ​នៅ​យប់មិញ ​ធ្វើ​ឱ្យ​ពួកគេ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង FC Barcelona ​២​ពិន្ទុ។ ​ក្រុម​របស់​លោក Zidane ​នា​រដូវ​កាល​នេះ មាន​បញ្ហា​នៅ​តំបន់​ប្រយុទ្ធ​ច្រើន ​ដោយ​ក្រៅ​ពី Benzema ​ទៅ ​ខ្សែ​ប្រយុទ្ធ​ដទៃ​ទៀត ​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់​ណាស់។ ជាក់​ស្ដែង Jovic ​និង Hazard ​ជា​ដើម ​ទើប​រក​បាន​១​គ្រាប់​ប៉ុណ្ណោះ​នៅ La Liga ​រដូវ​កាល​នេះ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​Zidane ​បាន​អះអាង​ថា​៖ “យើង​មាន​ឱកាស​ច្រើន​ណាស់ ប៉ុន្តែ​យើង​មិន​អាច​រក​គ្រាប់​បាល់​បាន។ វា​គ្រាន់​តែ​សំណាង​មិន​មក​ខាង​យើង​ប៉ុណ្ណោះ ​យើង​នឹង​បន្ដ​បង្កើត​វា​បន្ថែម​ទៀត។ យើង​មិន​អាច​បោះ​បង់​ការ​ខិតខំ​របស់​យើង​បាន​ទេ ​ខ្ញុំ​ជឿ​ថា​យើង​នឹង​កាន់​តែ​ធ្វើ​បាន​ល្អ​បន្ថែម​ទៀត។ ​នា​ខែ​មករា​ខាង​មុខ ​ខ្ញុំ​មិន​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​បន្ថែម​ឡើយ ​ខ្ញុំ​ជឿ​ជាក់​លើ​សមាជិក​ក្រុម​របស់​ខ្ញុំ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT