អ៊ីតាលី ​បាន​ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ Euro 2020 ​ទោះ​សល់​៣​ប្រកួត​ក្នុង​ដៃ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រEuro 2020 ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ក្រិក​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​នេះ។ក្រុម​អ៊ីតាលី​លេង​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ ​ពិត​ជា​ល្អ​ខ្លាំង​មែនទែន ដោយ​៧​ប្រកួត​របស់​ពួកគេ​ឈ្នះ​ទាំង​៧​ប្រកួត​តែ​ម្ដង ​និង​របូត​គ្រាប់​បាល់​តែ​៣​គ្រាប់​ប៉ុណ្ណោះ។ ជាមួយ​ការ​ឈ្នះ​គ្រប់​ប្រកួត​នេះ​ដែរ ​ពួកគេ​ក៏​បាន​ឆក់​ឱកាស​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​បាន​ថែម​ទៀត ​ទោះ​ជា​នៅ​សល់​ប្រកួត​ក្នុង​ដៃ​៣​ប្រកួត​ទៀត​ក៏​ដោយ។

លោក Roberto Mancini ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​សម្រាប់​អ៊ីតាលី ដែល​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។ ​ត្បិត​តែ​យើង​មិន​ទាន់​ឈ្នះ​អ្វី​មែន ប៉ុន្តែ​ការ​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​គឺ​ជា​គោលដៅ​មួយ​ដែល​ក្រុម​ត្រូវ​ធ្វើ​ឱ្យ​បាន។ ខណៈ​ដែល​ពេល​នេះ ​អ៊ីតាលី​បាន​ធ្វើ​វា​សម្រេច ដោយ​សល់​៣​ប្រកួត​ក្នុង​ដៃ​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT