ហ៊ុល គឹមហ៊ុយ ប្រាប់ពីជំនឿចិត្តរបស់ខ្លួននៅក្នុងក្រុមជម្រើសជាតិកម្ពុជា

ទាត់បឹងកេត ហ៊ុល គឹមហ៊ុយ បានបង្ហាញពីចំណុចវិជ្ជមានរបស់ខ្លួននៅក្នុងក្រុម ដែលកំពុងត្រៀមលក្ខណៈប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នោថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៩ខាងមុខនេះ។

គឹមហ៊ុយ បានប្រាប់ថា៖ ” មកទល់ពេលនេះ ខ្ញុំយល់ឃើញថាការហាត់មានចំណុចល្អច្រើន ដោយបានហាត់ជាមួយនឹងរៀមច្បង ក៏ដូចជាកីឡាករខ្មែរដែលមានគុណភាពល្អៗ ហើយក្នុងនោះក៏មានការប្រកួតប្រជែងគ្នាខ្ពស់ផងដែរ ដើម្បីដណ្តើមកៅអី១១នាក់ “ ។

អ្នកចាំទីវ័យក្មេងរូបនេះ ក៏បានប្រាប់អំពីជំនឿចិត្តដើម្បីប្រជែងការពាក់ស្រោមដៃក្នុងការប្រកួតទល់នឹងអ៊ីរ៉ង់ នៅថ្ងៃទី១០ ខាងមុខផងដែរថា៖ ” ប្រសិនខ្ញុំបានលេង គឺខ្ញុំនឹងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្ញុំមាន ហើយខ្ញុំនឹងមិនខ្លាចគូប្រកួតនោះទេ ថ្វីត្បិតតែពួកគេគឺមានកំរិតខ្ពស់ជាងយើងក៏ដោយ តែយើងនឹងលេងតាមអ្វីដែលគ្រូបានរៀបចំ “ ។

ក្រៅពីនោះផងដែរ គឹម ហ៊ុយ ក៏បានបង្ហាញទស្សនៈផ្ទាល់ខ្លួនជុំវិញស្ថានភាពក្រុមទាំងអស់ក្នុងពូល C ថា៖ ” ក្រុមទាំងអស់គឺសុទ្ធតែខ្លាំង ហើយវានឹងក្លាយជារឿងល្អសម្រាប់យើង ព្រោះការលេងជាមួយក្រុមខ្លាំងៗ ទើបអាចវាស់ស្ទង់អំពីកំរិតរបស់យើង “ ។

ស្ថិតក្នុងវ័យ ១៩ឆ្នាំ អ្នកចាំទីមកពីខេត្តតាកែវរូបនេះ បានសង្កត់ធ្ងន់ថា៖ ” យើងប៉ះក្រុមខ្លាំងនៅតំបន់អាស៊ីនេះ គឺជាឱកាសល្អដើម្បីបង្ហាញសមត្ថភាពទៅដល់ប្រទេសក្រៅថា យើងមានកីឡាករល្អៗដែរ ហើយពេលនោះកីឡាករយើងនឹងឆាប់បានលេងក្រៅស្រុក “ ។

សូមបញ្ជាក់ថា កម្ពុជានឹងត្រូវប្រកួតលើកទី៣ ក្នុងវគ្គជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023 ដំណាក់កាលទី២ តំបន់អាស៊ី ជាមួយអ៊ីរ៉ង់ នៅថ្ងៃទី ១០ ខែ តុលា នៅក្រៅដី មុនត្រឡប់មកធ្វើម្ចាស់ផ្ទះស្វាគមន៍ អ៊ីរ៉ង់ នៅថ្ងៃទី ១៥ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT