សឿត បារាំង មិនអន់ចិត្តទោះមិនបានបង្ហាញខ្លួនឲ្យជម្រើសជាតិ តែថានឹងត្រៀមជានិច្ច

សឿត បារាំង គឺជាខ្សែការពារមួយរូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលកំពុងតែមានភារៈកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ហើយសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃស្អែកនេះរូបគេមានសុទិដ្ឋិនិយមទៅលើក្រុមគោព្រៃថានឹងធ្វើបានល្អដូចប្រកួតមុនដែរ ។

បារាំងបាននិយាយថា៖​ « នៅពេលនេះពួកយើងកំពុងតែមានការហ្វឹកហាត់មួយដែលល្អ ដោយពួកយើងផ្តោតទៅលើការប្រកួតនាថ្ងៃស្អែក ថ្វីត្បិតតែមានកង្វល់បន្តិចបន្តួចទៅលើកាយសម្បទា ប៉ុន្តែខ្ញុំជឿថាពួកយើងនៅតែបន្តធ្វើបានល្អ និងអាចល្អជាងការប្រកួតមុនទៅទៀត » ។

ឡាករដែលមានវ័យ២០ឆ្នាំបានបន្ថែមទៀតថា៖ « ចំពោះខ្លួនខ្ញុំផ្ទាល់ការចូលលេងឬមិនលេង ខ្ញុំអត់ទាន់ដឹងច្បាស់ទេ តែយ៉ាងណាវិញ ការលេង ឬមិនលេងមិនសំខាន់ទេ ព្រោះអ្វីដែលសំខាន់នៅពេលនេះគឺយើងត្រូវត្រៀមខ្លួនជានិច្ច ហើយប្រសិនបើខ្ញុំមិនបានលេង ក៏ខ្ញុំគោរពតាមការសម្រេចចិត្តរបស់គ្រូដែរ » ។

ជាចុងក្រោយបារាំងបាននិយាយទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា៖ « ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ដែលបានចំណាយពេលវេលា និងថវិការផ្ទាល់ខ្លួនមកគាំទ្រក្រុមកម្ពុជារបស់យើង ហើយខ្ញុំក៏សូមសំណូមពរអោយបងប្អូននៅតែបន្តមកគាំទ្រក្រុមកម្ពុជារបស់យើងទៀត ព្រោះបងប្អូនទាំងអស់គ្នាគឺជាកម្លាំងចិត្តរបស់យើងទាំងអស់គ្នា » ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT