ខ្វល់តែពី idol និងគិតតែចង់ឈ្នះហុងកុង ក្លាយជាសម្ពាធលើក្រុមការងារ Keisuke Honda

មជ្ឈដ្ឋានអ្នកគាំទ្រជាច្រើន បានរឹះគន់ខ្លាំងៗចំពោះក្រុមការងារដឹកនាំជម្រើសជាតិកម្ពុជារបស់លោក Keisuke Honda ដែលពុំបានជ្រើសយកកីឡាករដែលគេគាំទ្រដូចជា ចាន់ វឌ្ឍនាកា ធារី ចន្ថាប៊ីន ជាដើម។ ក្រៅពីនេះ ពួកគេក៏បានដាក់សំណួរតែមួយគត់គឺ ចុងក្រោយតើកម្ពុជានឹងឈ្នះហុងកុងបានឬអត់?

ស្ទើរក្លាយជាទម្លាប់ ដែលអ្នកគាំទ្រសម្លឹងមើលកីឡាករដែលគេពេញចិត្តតែម្នាក់គត់ ដោយរំលងក្រុមទាំងមូល។ នេះជាបញ្ហាប្រឈមមួយសម្រាប់គ្រូ ក្នុងការកែប្រែពីការរៀបចំបែបបុគ្គលមកពង្រឹងក្រុមមួយដែលខ្លាំងសម្រាប់ប្រកួតប្រជែងលើទីលាន។ បើនិយាយពីក្រុមខ្លាំង មិនមែនទាល់តែមាន Super Star ឬអ្នកល្បីទេ សំខាន់គឺការបណ្តុះបណ្តាលជាមួយចក្ខុវិស័យរយៈពេលវែង។ Felix បានបង្ហាញចំណាប់អារម្មណ៍មួយចំនួនដូចជា ការរើសក្មេងៗមិនមែនសម្រាប់ទៅចាញ់ទេ ប៉ុន្តែត្រូវអភិវឌ្ឍពួកគេសម្រាប់អនាគតដូចជាព្រឹត្តិការណ៍ស៊ីហ្គេមជាដើម។

បើនិយាយពីរឿងលទ្ធផល មិនមែនជាលើកដំបូងឡើយ ជំនាន់លោក Leonardo ក៏ត្រូវអស់តំណែងដោយសារដឹកនាំឈ្នះ អាហ្គាហ្វនីស្ថានតែម្តងគត់។ ក្រោយមក ក៏ត្រូវផ្តាច់កិច្ចសន្យាមុនកាលកំណត់។ ការចាញ់ច្រើនពេកនេះហើយ ក៏ជាមូលហេតុដែលលែងសូវមានអ្នកទៅទស្សនាដូចមុន។ ជំនាន់ជម្រុះ Suzuki Cup 2015 មានអ្នកគាំទ្រដល់ថ្នាក់ផ្លោះរបងចូលទស្សនា ហើយសំបុត្រមួយចំនួនត្រូវគេលក់បន្តតម្លៃដល់ទៅ៣០ ៤០ដុល្លារក៏មាន។

គេនៅមិនទាន់ដឹងទេ ថាតើក្រុមការងារដែលមានថ្នាក់ដឹកនាំជាតារាបាល់ទាត់អន្តរជាតិមួយនេះ ដឹកនាំកម្ពុជាបានល្អក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត? ហើយក៏ពុំទាន់ដឹង ថាអ្នកគាំទ្រនឹងបន្តដាក់សម្ពាធទៀតឬយ៉ាងណា។

ជម្រើសជាតិកម្ពុជា នឹងប្រកួតបើកឆាកជម្រុះវ៉ើលខាប់ជុំទី២ ជាមួយហុងកុង នាថ្ងៃទី០៥/សីហា/២០១៩ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT