អាន ៥រឿងទាំងនេះហើយ ទៅទស្សនាប្រកួតបញ្ចប់ជុំទី១ លីគកំពូលកម្ពុជា ពិតជាមិនខកបំណង

ក្រោយពីដំណើរការអស់ ១០សប្តាហ៍ ក្នុងលីគកំពូលកម្ពុជា ដែលមានការប្រកួតសរុប ៦០ប្រកួត បានឈានដល់សប្តាហ៍ចុងក្រោយ ដើម្បីបិទទំព័រជុំទីមួយហើយ ខណៈដែលក្នុងសប្តាហ៍ចុងក្រោយនេះ នឹងមានរឿងគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់។

ខាងក្រោមគឺជារឿងសំខាន់ៗ ទាំង៥ ដែល CTS Sport នឹងធ្វើការបង្ហាញជូនចំពោះប្រិយមិត្តដែលមានបំណងចង់ទៅទស្សនាការប្រកួតលីគកំពូលកម្ពុជា និងធានាថាមិនខកបំណងឡើយ ។

១. ក្រុមខ្លាំងពីរ តទល់គ្នាប្រជែងកៅអីកំពូល

គ្រប់គ្នាបានដឹងហើយថា នៅលីគកំពូលរដូវកាលនេះ មានតែបឹងកេត និងណាហ្គាវើលទេ ដែលស្ថិតនៅកំពូលតារាង ដោយមានពិន្ទុប្រដេញគ្នា គ្រាដែលក្រុមទាំងពីរ រក្សាកំណត់ត្រាមិនបរាជ័យយូរជាងគេ ពោលគឺ ណាហ្គាវើល (៧ប្រកួត) រីឯបឹងកេត (១០ប្រកួត) ។ យ៉ាងណាក្តីអ្វីដែលគួរកត់សម្គាល់នោះគឺថា បើឈ្នះប្រកួតនេះ បឹងកេត នឹងឡើងទៅកំពូលវិញ និងបង្កើតកំណត់ត្រាជាក្រុមមិនបរាជ័យក្នុងជើងទី១ទាល់តែសោះ ខណៈបើណាហ្គា ឈ្នះ ពួកគេនឹងកាន់តែផ្តាច់ខ្លួនពីក្រុមការពារជើងឯក ២សម័យកាលជាប់គ្នានេះ ( ៣សម័យកាលក្នុងប្រវត្តិសាស្រ្ត ) ។

២. Privat ក្នុងដំណើរផ្លូវដ៏ល្អជាមួយអាស៊ីអឺរ៉ុប
ក្រុមសាកលវិទ្យាល័យមួយនេះ បង្ហាញប្រព័ន្ធលេងល្អណាស់ក្នុងរដូវកាលថ្មីនេះ ពោលគឺ ប្រកួត ១០លើក ឈ្នះ៤ ស្មើ៣ និងចាញ់៣ មាន ១៥ពិន្ទុ ស្ថិតនៅលេខរៀងទី ៦ មិនស្គាល់បរាជ័យឡើយក្នុង ៥ប្រកួតចុងក្រោយ ( ឈ្នះ ២ ស្មើ ៣ ) ។ Privat គឺជាតួអង្គឯក ដែលរកគ្រាប់បាល់ច្រើនគ្រាប់ បំពេញទៅលើគណនីរបស់ខ្លួន ក្នុងការបង្ហាញខ្លួន ១០ប្រកួត ស៊ុតចូល ១៥គ្រាប់ ក្នុងនោះគេស៊ុតចូល ៦គ្រាប់ ជួយឲ្យអាស៊ីអឺរ៉ុបបំបាក់ វេស្ទើនភ្នំពេញ ៦-១ កាលពីសប្តាហ៍ទី ៩ និងស៊ុតចូលពីរគ្រាប់ ជួយឲ្យឈ្នះព្រះខ័នរាជស្វាយរៀង សប្តាហ៍ទី ១០ ទៀតផង ។ តទល់នឹងអគ្គិសនីកម្ពុជា ចុងសប្តាហ៍នេះ នឹងធ្វើឲ្យអាស៊ីអឺរ៉ុបសម្លឹងឃើញជ័យជម្នះជាបន្ត ដើម្បីរំកិលចំណាត់ថ្នាក់ចូលតំបន់ Top 4 ។

៣. វេស្ទើនភ្នំពេញ ប្រៀបដូចជាកូនចៀមក្នុងលីគរដូវកាលនេះ
ធ្លាប់ជាក្រុមដែលមានកីឡាករល្អៗ និងមិនងាយឲ្យក្រុមខ្លាំងបំបាក់បានស្រួលៗ ឆ្នាំនេះវេស្ទើនភ្នំពេញមិនទាន់អាចរកជ័យជម្នះបានឡើយសូម្បីមួយប្រកួត បើទោះបីជាមានវត្តមានគ្រូបង្វឹកបរទេស កាន់សញ្ញាប័ត្រអឺរ៉ុបក្តី ។ពួកគេ កក់កៅអីលីគទីពីរ ក្នុងប្រវត្តិសាស្រ្តថ្មីរបស់ក្លិបតាំងពីបង្កើតមក ក្រោយ ១០ប្រកួត មាន ០ពិន្ទុ ស៊ុតចូលទី ៣គ្រាប់ របូត ៣៥គ្រាប់ ។ សប្តាហ៍ទី ១០កន្លងទៅនេះ ត្រូវណាហ្គាវើល សំពង ១០ ទល់នឹង ១ ជាកំណត់ត្រាអាក្រក់បំផុតរបស់ពួកគេ ។ សប្តាហ៍នេះ វេស្ទើន ត្រូវជួប ព្រះខ័នរាជស្វាយរៀង ជាប្រកួតក្រៅទឹកដី ។

៤. វិសាខា នៅតែជាឧបសគ្គធំរបស់ក្រុមកំពូល

ក្រោយពីស្មើជាមួយ បឹងកេត ១-១ កាលពីសប្តាហ៍មុន បានធ្វើឲ្យវិសាខា ក្លាយជាក្រុមចំណូលថ្មី ដែលមិនមានក្រុមខ្លាំងណាអាចយកឈ្នះបានឡើយ ក្នុងជើងទីមួយ នៃរដូវកាលថ្មីនេះ ។ ជាក់ស្តែងបើរាប់ពីដើមរដូវកាលមក ពួកគេស្មើជាមួយភ្នំពេញក្រោន (០-០) ឈ្នះក្រសួងការពារជាតិ (២-០) ឈ្នះណាហ្គាវើល (៣-០) ឈ្នះស្វាយរៀង (៣-២) ។ ស្ថិតិ ឈ្នះ ៦ប្រកួត ស្មើ ២ និងចាញ់តែពីរលើកនេះ ធ្វើឲ្យវិសាខា ស្ថិតនៅលេខរៀងទី ៣ ជាបេក្ខភាពប្រដេញក្រុមកំពូលតារាង បឹងកេត និងណាហ្គាវើល។ ចុងសប្តាហ៍នេះ ពួកគេត្រូវជួបក្រុមចំណូលថ្មីដូចគ្នា គឺ សូលទីឡូអង្គរ ។

៥. កាលវិភាគប្រកួតសប្តាហ៍ទី១១ និងតារាងពិន្ទុ គិតត្រឹមសប្តាហ៍ទី១០៖

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT