អ្នក​រត់ការ​ឲ្យ Coutinho ​លុត​ Barca មួយ​រយៗ ​រឿង​មិន​ច្បាស់លាស់​សម្រាប់​ការ​ដោះដូរ

អនាគត​របស់ Philippe Coutinho ហាក់​នៅ​រង​មន្ទិល​សង្ស័យ​ ដោយ​សូម្បី​តែ​ភ្នាក់ងារ​រត់ការ​ឲ្យ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ផ្ទាល់​ក៏​ទំនង​ជា​មិន​សូវ​ទុកចិត្ត​លើ​ការ​សម្រេច​ចិត្ត​របស់​ក្លឹប FC Barcleona ប៉ុន្មាន​នោះ​ដែរ។

រូប​គេ​ជាប់​ពាក់ព័ន្ធ​នឹង​ដំណឹង​នៃ​ការ​វិល​ត្រលប់​មក​វិញ​របស់ Neymar សម្រាប់​រដូវ​កាល ២០១៩/២០ ប៉ុន្តែ​ចំពោះ​រឿងរ៉ាវ​នេះ​ក៏​ត្រូវ​ភ្នាក់ងារ​លោក Kia Joorabchian ​បាន​និយាយ​ថា៖ “អ្នកចាត់ការ​ទូទៅ​លោក Pep Segura ប្រាប់​ខ្ញុំ​ថា​ពួក​គេ​នឹង​មិន​លក់ Coutinho ទេ ហើយ​ខ្ញុំ​ទៅ​សួរ​ប្រធាន​ក្លឹប​សប្តាហ៍​មុន​គាត់​ក៏​ឆ្លើយ​អ៊ីចឹង​ដូច​គ្នា ពោល​គឺ​ថា​មិន​មាន​បំណង​លក់​ចេញ Coutinho ឲ្យ​ទៅ​ក្លឹប​ណា​មួយ​ឡើយ”។

បន្ត​ប្រាប់ RMC Sport លោក​សង្កត់​ធ្ងន់៖ “ក្រោយ​មក យើង​ក៏​សម្រេច​ចិត្ត​មិន​បើក​ការ​ចរចា​អ្វី​ទាំង​អស់ បែប​នេះ​ទើប​ Coutinho គេ​មិន​ទទួល​បាន​សំណើ​ណា​មួយ យ៉ាងណាមិញ​អ្នក​ពិគ្រោះ​របស់ Barcelona លោក Andre Cury បែរ​ជា​ឆ្លើយ​ផ្ទុយ​ថា Barcelona ​លៃលក Coutinho ក្នុង​ការ​ចរចា​យក Neymar ចេញ​ពី PSG”។

“ខ្ញុំ​មាន​តែ​ស្ងាត់ស្ងៀម​នៅ​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ Barcelona កុហក​ខ្ញុំ​ពី​រឿង​នេះ​ទេ ​ពួក​គេ​ត្រូវ​និយាយ​ប្រាប់​ខ្ញុំ​ដោយ​ត្រង់​ថា​ចង់​ឲ្យ Coutinho ចាកចេញ​ឬ​អត់ ត្រូវ​តែ និយាយ ហើយ​យើង​នឹង​ពិចារណា​ជុំវិញ​ជម្រើស​អនាគត​ល្អ​បំផុត​សម្រាប់​គេ”។ ប្រភព៖ Soccerladuma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT