ក្រុម​ជម្រើស​ជាតិ​ថៃ​ចុះ​ហត្ថលេខា​នាំ​យក​ខ្ញី​ចាស់​ជប៉ុន​តែងតាំង​ជា​អ្នកចាត់ការ​ថ្មី

តាម​រយៈ​សេចក្តី​ប្រកាស​ចេញ​ពី​សមាគមន៍​បាល់ទាត់​របស់​ប្រទេស​ថៃ (FAT) ​បាន​បង្ហាញ​ពី​ការ​តែងតាំង​តំណែង​អ្នកចាត់ការ​ពេញ​សិទ្ធ​ថ្មី​គឺ​លោក Akira Nishino សញ្ជាតិ​ជប៉ុន​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ។

ក្រុម​ដំរី​បាន​ទំនេរ​តំណែង​គ្រូ​បង្គោល​ចាប់​តាំង​ពី​ការ​បណ្តេញ​ចោល​លោក Milovan Rajevac អំឡុង​ការ​ប្រកួត AFC Asian Cup ២០១៩ ក្នុង​ប្រទេស​អារ៉ាប់​រួម ហើយ​ដាក់​លោក Sirisak Yodyardthai ជា​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន ដែល​បាន​ដឹកនាំ​ក្រុម​តតាំង​នៅ Asian Cup, China Cup ២០១៩ និង King’s Cup ២០១៩ នា​ពេល​កន្លង​ទៅ​នេះ។

យ៉ាងណាមិញ​លោក Nishino ​ដែល​បាន​ដឹកនាំ​ក្រុម​ជប៉ុន​នៅ FIFA World Cup ២០១៨ ​ពេល​នេះ​ត្រូវ​សម្រេច​ចូល​មក​កាន់​តំណែង ជួយ​ក្រុម​ថៃ​ដែល​កំពុង​មមាញឹក​នៅ​ព្រឹត្តិការណ៍​ជម្រុះ FIFA World Cup ២០២២ និង AFC Asian Cup Joint-Qualifiers ២០២៣ ​ត្រូវ​ប្រព្រឹត្តិ​ឡើង​នា​ខែ​កញ្ញា ឆ្នាំ ២០១៩។

រំឭក​ថា​អតីត​គ្រូ​ចាស់​នៅ Vissel Kobe រូប​នេះ ក៏​នឹង​ដឹកនាំ​លើ​ក្រុម​ U-23 របស់​ថៃ​ដូច​គ្នា ខណៈ​លោក Alexandre Garma ដែល​កាន់​តំណែង​ចាស់ ទើប​ផ្លាស់​ទៅ​កាន់កាប់​នៅ​ក្លឹប Muangthong United នៃ​ក្របខ័ណ្ឌ​កំពូល។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT