រឿងដែលកើតឡើងក្នុងការប្រកួតសប្តាហ៍ទី ១០ ថ្ងៃសៅរ៍

ក្រសួងការពារជាតិ អាស៊ីអឺរ៉ុប និង អគ្គស្នងការដ្ឋាននគរបាលជាតិ សុទ្ធតែរកបាន ៣ពិន្ទុចេញពីជ័យជម្នះប្រចាំសប្តាហ៍ទី ១០ ថ្ងៃសៅរ៍ ម្សិលមិញនេះ (ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨)។

មានរឿងមួយចំនួនបានកើតឡើងដែលគួរស្វែងយល់ឲ្យបានស៊ីជម្រៅ៖
១. ក្រុមឈ្នះ សុទ្ធតែកើតចេញពីការនាំមុខឲ្យគូប្រកួត និងវាយបកយកឈ្នះវិញ ដោយក្រសួងការពារជាតិ ឈ្នះ សូលទីឡូអង្គរ ៣-១ អាស៊ីអឺរ៉ុប ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១ និង អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះ អង្គរថាយហ្គឺរ ២-១ ។

២. អាស៊ីអឺរ៉ុប បំបាក់ក្រុមព្រះខ័នរាជស្វាយរៀង បង្កើតកំណត់ត្រា
គិតត្រឹម ៥ប្រកួតចុងក្រោយនេះ អាស៊ីអឺរ៉ុប មិនដែលស្គាល់បរាជ័យឡើយ ពោលគឺ ឈ្នះ ២ និង ស្មើ ៣ប្រកួត ជាកំណត់ត្រាដ៏វែងបន្ទាប់ពីណាហ្គាវើល ( ៧ប្រកួត ) និង បឹងកេត​ ( ៩ប្រកួត ) ។ ជ័យជម្នះម្សិលមិញនេះ មានន័យថាពួកគេបានសងសឹកព្រះខ័នរាជស្វាយរៀង បានសម្រេច ក្រោយពីបរាជ័យទាំងពីរជើងកាលពីរដូវកាល ២០១៧ ។

៣. ភាពខ្លាំងរបស់ Privat ក្នុងរដូវកាល ២០១៨
កីឡាករនីហ្សេរីយ៉ា ស៊ុតចូល ៧ប្រកួត ក្នុងការបង្ហាញខ្លួន ៩ប្រកួត នាដើមរដូវកាលនេះឲ្យក្លិប អាស៊ីអឺរ៉ុប ដោយរកបាន ១៥គ្រាប់ ហើយ ក្នុងនោះ ចាប់ពីសប្តាហ៍ទី ១ដល់ទី ៤ ខ្សែប្រយុទ្ធរូបនេះស៊ុតចូលជាប់ៗគ្នា ។ ១៥គ្រាប់របស់ Privat កំពុងតែដាច់ពីគូប្រជែងឆ្ងាយគឺខ្សែប្រយុទ្ធប្រេស៊ីល របស់ក្លិបបឹងកេតដែលទើបរកបាន ៩គ្រាប់ប៉ុណ្ណោះ ។

៤. បំរែបំរួលតារាងពិន្ទុ និងប្រកួតថ្ងៃអាទិត្យនេះ
អគ្គស្នងការដ្ឋាននគរបាលជាតិ និង អាស៊ីអឺរ៉ុប ហក់មកឈរនៅលេខរៀងទី ៥ និង ទី ៦ ពោលគឺក្រោមក្រសួងការពារជាតិដែលមាន ១៨ពិន្ទុ និង ឈរពីលើភ្នំពេញក្រោន ដែលត្រូវប្រកួតល្ងាចនេះទល់នឹងអគ្គិសនីកម្ពុជា ។ វិសាខា សង្ឃឹមថាអាចកាត់បន្ថយគម្លាតពិន្ទុជាមួយក្រុមកំពូលតារាង បឹងកេត ប្រសិនបើពួកគេអាចរារាំងដំណើរមិនបរាជ័យ ( Unbeaten Run ) របស់គូប្រកួតនៅរសៀលនេះបាន ។ ណាហ្គាវើល ក៏រំពឹងខ្ពស់ថា ក្នុងការយកពិន្ទុពីក្រុមបាតតារាង វេស្ទើនភ្នំពេញ ដែលមិនដែលឈ្នះសោះល្ងាចនេះ ផងដែរ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT