ខ្សែបម្រើវ័យក្មេង ស៊ិន កក្កដា ត្រូវបានគេឃើញចូលហ្វឹកហាត់ជាមួយជម្រើសជាតិកម្ពុជា ខណៈបញ្ជីឈ្មោះផ្លូវការ២៥នាក់ពុំមានរូបគេឡើយ។
មិនមានប្រភពច្បាស់ណាមួយលើកឡើងពីមូលហេតុនៃវត្តមានរបស់អតីតសមាជិកភ្នំពេញក្រោនរួបនេះ ជាមួយក្រុមគោព្រៃឡើយ។ ចំណែកអ្នកគាំទ្រមួយចំនួនតូច បានចំអន់ពីការប្រកាសរបស់ Honda ថានឹងឲ្យ៥ដុល្លារសម្រាប់អ្នកចូលហ្វឹកហាត់ជាមួយខ្លួន ជាករណី កក្កដា ទៅវិញ។ យ៉ាងណាក្តីសាម៉ីខ្លួននឹងប្រកាសមូលហេតុពិតនៅថ្ងៃនេះ ឬក្រោយការប្រកួត។
ក្រុមជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់យ៉ាងស្ងៀមស្ងាត់ដើម្បីប៉ះ ប៉ាគីស្ថាន ក្នុងវគ្គជម្រុះវ៉ើលខាប់ជើងទី១ នាម៉ោង៦:០០ល្ងាចថ្ងៃស្អែកនេះ នៅពហុកីឡដ្ឋានជាតិ។
សំបុត្រចូលទស្សនាមានដាក់លក់តាំងពីថ្ងៃទី៣១ ខែឧសភាមកម្ល៉េះ។ ក្នុងនោះតំបន់មានដំបូលមានតម្លៃ១ម៉ឺនរៀល និងតំបន់ធម្មតា៥ពាន់រៀល។ អ្នកគាំទ្រអាចទិញបាននៅបញ្ឍមុខពហុកីឡដ្ឋានជាតិ។
ស្ថានីយ៍ទូរទស្សន៍ BTV នឹងផ្សាយផ្ទាល់ការប្រកួតនេះ ជូនអ្នកគាំទ្រដែលពុំបានមកទស្សនាដោយផ្ទាល់ តាមរយៈកញ្ជក់ទូរទស្សន៍ និងទំព័រ Facebook BTV Cambodia ផងដែរ។