តាមកាលវិភាគ ដែលបានរៀបចំឡើងក្នុងដំណើរទៅបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ រយៈពេល ១សប្តាហ៍ របស់ក្លិបជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨ ណាហ្គាវើល បានបញ្ចប់ហើយត្រឹមថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៩នេះ ដោយពួកគេបានធ្វើការប្រកួតមិត្តភាពជាមួយក្លិបចំនួន ៤ នៅទីនោះ។ក្នុងការប្រកួតទាំងនោះ ណាហ្គាវើល រកបានជ័យជម្នះ ១ប្រកួតប៉ុណ្ណោះ គឺ ឈ្នះ ក្រុមសាកលវិទ្យាល័យ Assumption United ២ ទល់នឹង ១ ខណៈដែលចាញ់ Police Tero ៦-០ ចាញ់ BG Pathum United 6-0 និងចាញ់ Trat FC ២-០ ។
តាមគម្រោងពួកគេនឹងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី ១៤ ខែ មករា ពោលគឺស្អែកនេះ ។ក្រឡែកទៅមើល វិសាខា ឯនោះវិញ ពួកគេនឹងនៅសល់ពេល ១សប្តាហ៍ទៀតក្នុងប្រទេសថៃ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការទូទៅក្លិប លោក ហុក សុចិត្រា បានឱ្យដឹងក្នុងពេលកន្លងទៅ។
សម្រាប់ ១សប្តាហ៍កន្លងទៅនេះ ពួកគេ បានប្រកួតមិត្តភាពជាមួយក្លិបមួយចំនួន និងទទួលបានលទ្ធផលដូចជា ឈ្នះក្លិប Pahang FA ៣-១, ឈ្នះ ក្រុមសាកលវិទ្យាល័យ RSU FC ៤-០ និងស្មើជាមួយ ក្រុម MOF CUSTOMS UNITED ១-១ ៕
ប្រភព៖ CTS Sport