ការប្រកាសនាំយកកីឡាករលេចធ្លោ២រូបរបស់ក្លិបវិសាខាគឺ កែវ សុខផេង និង សុខ សុវណ្ណ រួមទាំងដំណើរចាកចេញរបស់ ឃួន ឡាបូរ៉ាវី ទៅថៃ បានក្លាយជារឿងក្តៅគគក់មួយ ដែលអ្នកគាំទ្របាល់ទាត់បានជជែកគ្នាតាំងពីម្សិលមិញមក។
សុខផេង ក្រោយត្រូវក្លិប PKNP ចែកផ្លូវត្រូវបានគេមើលឃើញថា នឹងវិលមកភ្នំពេញក្រោនវិញ។ ស្របគ្នានេះ សាម៉ីខ្លួនបានចូលហ្វឹកហាត់ជាមួយក្លិបជើងឯក៦សម័យថែមទៀត។ ប៉ុន្តែយ៉ាងណា ចុងក្រោយ សុខផេង ពាក់អាវវិសាខា ប្រកាសផ្លូវការយ៉ាងគគ្រឹកគគ្រែង។
ចំពោះ សុខ សុវណ្ណ បានបាត់មុខដោយសាររបួស ក្រោយលេង TMCC រួចមក។ ខ្សែការពាររូបនេះ ស្ទើរពុំមានអ្នកគិតថាចេញពីបឹងកេត ដោយសារតែគេមានមនោសញ្ចេតនាច្រើនជាមួយក្លិបនេះ។ ជាក់ស្តែងកាលពីពេលកន្លងទៅ គេបានបន្តកុងត្រាថ្មីជាមួយក្លិបជើងឯក៣សម័យនេះថែមទៀត។ ទោះបែបនេះ សុវណ្ណ បានក្លាយជាកីឡាករជម្រើស១១នាក់ដំបូងទី២ បន្ទាប់ពី រស់ សំអឿន ដែលបានដើរចេញ។
ចំពោះ ឃួន ឡាបូរ៉ាវី កន្លងមក បានទៅធ្វើតេស្តិ៍នៅក្លិប Ratchaburi Mitr Phol ប៉ុន្តែម្សិលមិញនេះដែរ បែរជាគេហទំព័រ CNCC ប្រកាសថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនទៅក្លិប Surat Thani FC នៅលីគទី៣ឯណោះវិញ។