គ្រាដែលបាល់ទាត់នៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះកើនឡើងនៃការអភិវឌ្ឍន៍ពីមួយកម្រិត ទៅមួយកម្រិត គេបានឃើញថានៅក្នុងឆ្នាំ ២០១៨នេះ មានស្រ្តី ០២រូប បានចូលរួមក្នុងវិស័យបាល់ទាត់ ដោយបានដើរតួនាទីជាប្រធានក្លិបបាល់ទាត់នៅក្នុងលីគកំពូលកម្ពុជា ។
ស្រ្តីដំបូងគេបង្អស់នោះគឺ លោកស្រី ពុធ ធីតា ដែលបានកាន់តំណែងជាប្រធានក្លិបបឹងកេត (ជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល) កាលពីពាក់កណ្តាលឆ្នាំ ២០១៨កន្លងទៅនេះ ។ ការចូលរួមរបស់លោកស្រី បានធ្វើឱ្យក្លិបកំពូលមួយរបស់កម្ពុជានេះ ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឍដ្ឋាន ទាំងហេដ្ឋារចនាសម្ព័ន្ធក្លិប ក៏ដូចជាអ្នកគាំទ្រជាដើម។ស្រ្តីទីពីរនោះគឺ លោកជំទាវ កែវ សួនសុភី ដែលត្រូវបានក្លិបវិសាខា តែងតាំងជាប្រធានក្លិប នៅក្នុងពិធីសន្និសីទសារព័ត៌មានស្តីពីរការបង្ហាញសមាសភាពកីឡាករ ត្រៀមរដូវកាល២០១៩ យប់មិញនេះ ។
លោកជំទាវ បានសម្ដែងនូវសេចក្ដីសប្បាយរីករាយក្រៃលែង បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំក្លិបឆ្ពោះទៅរកភាពរីកចម្រើន តាមរយៈការធ្វើការងារជាក្រុម និងសហការជាមួយគណៈគ្រប់គ្រងក្លិប ដែលមានបទពិសោធន៍ ដើម្បីធ្វើឲ្យក្លិបវិសាខា កាន់តែមានសក្ដានុពលទាំងថ្នាក់ជាតិ និងអន្ដរជាតិ នាថ្ងៃអនាគត ។អាស្រ័យដូចនេះ ជឿជាក់ថា ការប្រកួតបាល់ទាត់នៃលីគកំពូលកម្ពុជា នារដូវកាល ២០១៩ខាងមុខ នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងមួយកម្រិតទៀត ដោយមូលហេតុថាមានស្រ្តី ដើរតួនាទីដ៏សំខាន់ក្នុងការដឹកនាំក្លិបបាល់ទាត់ ៕