លោក Leonardo Vitorino ជឿជាក់ថាការចូលរួមពានរង្វាន់មិត្តភាពនៅប្រទេសថៃ នឹងផ្តល់ផលវិជ្ជមានដល់ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី

គ្រូបង្វឹករបស់ក្លិបភ្នំពេញក្រោន លោក Leonardo Vitorino បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៥ កន្លងទៅ ថាការទៅចូលរួមពានរង្វាន់មិត្តភាពមុនបើករដូវកាលថ្មីនៅប្រទេសថៃ ( LEO Pre-season 2019 ) នឹងផ្តល់ផលវិជ្ជមានដល់កីឡាកររបស់ខ្លួន សម្រាប់ដំណើរការក្នុងលីគកំពូលកម្ពុជា នារដូវកាល ២០១៩។

« ការចូលរួមតាមការអញ្ជើញរបស់ថៃ ក្នុងពានរង្វាន់មិត្តភាពនៅទីនោះ គឺជារឿងល្អសម្រាប់យើង ក្នុងការទទួលបានបទពិសោធន៍ជាលក្ខណៈអន្តរជាតិ ដែលមានក្រុមក្រៅស្រុកជាច្រើនចូលរួម » ។

លោក Leonardo ក៏បានបន្ថែមផងដែរថា « ទោះបីវាជាបាន Pre-season ពិតមែន ប៉ុន្តែយើងនឹងដាក់លទ្ធភាពដើម្បីឈ្នះពានរង្វាន់ផងដែរ ហើយក្រោយពីនោះយើងក៏នឹងមានការបោះជំរុំហ្វឹកហាត់នៅទីនោះរយៈពេល ១សប្តាហ៍បន្ថែម ដោយមានប្រកួតមិត្តភាពជាមួយនឹងក្លិបក្នុងប្រទេសថៃ ប៉ុន្មានប្រកួតទៀតផង » ។

 

គួររំលឹកថាក្រោមការចូលមកដឹកនាំថ្មីរបស់លោក Leonardo Vitorino នៅក្លិបភ្នំពេញក្រោន មានសមាសភាពកីឡាករសំខាន់ៗមួយចំនួនមកចូលរួមជាមួយក្លិបរួមមាន ខ្សែបម្រើប្រយុទ្ធ Paulo Victor Costa Soares អ្នកចាទី Leonardo Oliveira Tavares និងអតីតខ្សែបម្រើកូនកាត់ ខ្មែរ-បារាំង មួយរូបរបស់ខ្លួន វ៉ា សុខថន ផងដែរ ។

ពួកគេនឹងចូលរួមក្នុងការហ្វឹកហាត់ត្រៀមទៅចូលរួមពានរង្វាន់ LEO Pre-season 2019 នៅប្រទេសថៃ ដែលចាប់ផ្តើមពីថ្ងៃទី ១៣ ខែ មករា តទៅ ដោយមានក្លិបមកពីប្រទេស ឡាវ ម៉ាឡេស៊ី វៀតណាម និងម្ចាស់ផ្ទះថៃ ចូលរួម ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT