ប្រវត្តិសាស្ត្រ​ទល់ Bayern/Chelsea ខាង Madrid គេ​សាង​រួច​ហើយ នៅ​ឡើយ​តែ City មើល​ទៅ​ធ្វើ​បាន​អត់?

ផុត​ចូល​ឆ្នាំ អ្នក​គាំទ្រ​បាល់ទាត់​ក៏​ដល់​ពេល​ចាំ​អ៊ុត​មើល​លទ្ធផល​ជើង​ទី ២ គូ​សំខាន់​នា​ពាក់​កណ្តាល​សប្តាហ៍​នៅ Champions League វិញ​ម្តង ហើយ​ក្នុង​ចំណោម​នោះ ខ្លះ​ពិត​ជា​ពិបាក​នឹង​ធ្វើ​ចិត្ត​ព្រោះ​ត្រូវ​បង្ខំ​មើល​មួយ​ធ្លាក់ មើល​មួយ​ឡើង ដ្បិត​អី​សុទ្ធ​ជា​គីឡូ​ធ្ងន់​ដែល​សម​តែ​ជួប​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឥឡូវ​បែរ​មក​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម។

Man City ទល់ Real Madrid នៅ​ឯ​កីឡដ្ឋាន Etihad Stadium ​នា​វេលា​ម៉ោង ០២:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ មេសា ជា​កាលបរិច្ឆេទ​ប្រកួត​ជើង​ទី ២ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS បន្ទាប់​ការ​ស្មើ​ជើង​ទី ១ ដោយ​លទ្ធផល ៣-៣។ ​មាន​រូបភាព​ដ៏​គួរ​ឲ្យ​ចៃដន្យ ដែល​ម្នាក់ៗ​ពិត​ជា​ចង់​ឃើញ ថា​វា​នឹង​អាច​កើត​ឡើង​ម្តង​ទៀត​ដែរ​ឬ​យ៉ាង​ណា សម្រាប់​ស្តេច​ស Madrid ​ស្រប​ពេល​ដែល​កន្លង​មក ធ្លាប់​បំបាក់​គីឡូ​យក្ស​ដល់​ទៅ ២ រួច​ហើយ។

តើ​អ្នក​ដឹង​ទេ ប្រវត្តិ​ជួប​គ្នា​រវាង​ក្លឹប​ទាំង​ពីរ​សរុប ១២ លើក ដោយ​ចំណោម​នោះ មាន ៥ លើក​តតាំង​នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង Manchester ខៀវ ហើយ​លទ្ធផល​ខាង​ម្ចាស់ផ្ទះ​បាន​យក​ឈ្នះ ៣ ស្មើ ២ តួ​យ៉ាង​លទ្ធផល​ឈ្នះ ៤-០, ៤-៣, ២-១ និង​ការ​ស្មើ ០-០ ដូច​គ្នា ១-១។

នេះ​វា​មាន​ន័យ​ថា ការ​ប្រកួត​នៅ Etihad ខាង​ភ្ញៀវ Madrid ឥត​ទាន់​ស្គាល់​ជ័យជម្នះ​សូម្បី​ម្តង ដ្បិត​បើ​កន្លង​មក​ធ្លាប់​ហូប​គីឡូ​ធ្ងន់​ស្រាល​ដល់​ក្នុង​ដី សឹង​រាប​អស់​ហើយ​នៅ​ទូទាំង​តំបន់​អឺរ៉ុប រហូត​បាន​ជាប់​ឈ្មោះ​ជា​ស្តេច​ពាន UCL បន្ទាប់​ការ​លើក ១៤ សម័យ។

យ៉ាង​ណា​បើ​និយាយ​អំពី​រឿង​ចៃដន្យ​លើក​ទី ៣ ដែល​គ្រប់​គ្នា​កំពុង​ចាំ​អ៊ុត​មើល​នោះ​វិញ គឺ​ត្រង់​ថា កាល៖

លើក​ទី ១ នា​ឆ្នាំ ២០១៣ គ្រា Bayern Munich ឈ្នះ​ជើង​ឯក Champions League
ចូល​ដល់​ឆ្នាំ​បន្ទាប់ ២០១៤ ក៏ Real Madrid ឯ​ណេះ បាន​បំបាក់​ក្លឹប​ការពារ​ជើង​ឯក Bayern ខាង​លើ នៅ​ឯ​ Allianz Arena ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ [លទ្ធផល​កាល​នោះ​គឺ​ស្តេច​ស យក​ឈ្នះ​ ៤-០ នៅ​ទីក្រុង Munich ហើយ​បន្ត​ឆ្ពោះ​ទៅ​ដល់​ការ​ឈ្នះ​ពាន]

ចូល​លើក​ទី ២ នា​ឆ្នាំ ២០២១ ​គ្រា Chelsea ឈ្នះ​ជើង​ឯក Champions League
ចូល​ដល់​ឆ្នាំ​បន្ទាប់ ២០២២ ក៏ Real Madrid ឯ​ណេះ បាន​បំបាក់​ក្លឹប​ការពារ​ជើង​ឯក​ម្តង​ទៀត​ហើយ ក៏​ជា​កត់ត្រា​ជ័យជម្នះ​លើក​ដំបូង​នៅ Stamford Bridge [លទ្ធផល​កាល​នោះ​គឺ​ស្តេច​ស បាន​យក​ឈ្នះ ៣-១ ហើយ​ក៏​បន្ត​ឆ្ពោះ​ទៅ​ដល់​ការ​លើក​ពាន​រង្វាន់] ផង​ដែរ

ឥឡូវ​ចូល​ដេប៉ា​ដដែល​នេះ​ទៀត​ គឺ City ជា​ក្លឹប​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់ មក​ត្រូវ​ប៉ះ​ក្លឹប​ដឹកនាំ​ដោយ​លោក Carlo Ancelotti ​នា​ជើង​ទី ២ នៅ​ឯ Etihad Stadium ខាង​មុខ។ បើ​វា​ចៃដន្យ ឬ​ជា​អភិនិហា​មែន នោះ​ថា​មិន​ត្រូវ​មើល​មិន​ឃើញ ២០២៤ នឹង​ក្លាយ​ជា​ការ​កត់ត្រា​ប្រវត្តិសាស្រ្ត​យក​ឈ្នះ​ម្ចាស់ដី City ជា​លើក​ដំបូង ហើយ​ Real បន្ត​ដល់​ការ​ឈ្នះ​ពាន​រង្វាន់​ក៏​ទៅ​រួច។

ចុះ​ការ​ទស្សន៍ទាយ​របស់​បងប្អូន​យើង​វិញ គិត​ថា​រឿង​នេះ វា​អាច​កើត​ឡើង​ដែរ​ទេ ឬ​ក៏​ក្លឹប​ភ្ញៀវ Madrid ត្រូវ​ហែល​បរាជ័យ​ចាស់ មិន​អាច​កែ​បណ្តាសារ​ដ៏​អាក្រក់​មួយ​នោះ​បាន?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT