MU មើល​ឃើញ​កាន់​តែ​ច្បាស់​អ្នក​ត្រូវ​ជំនួស Rashford ខណៈ MC ​ក៏​លៃលក​អនាគត ‘Walker ថ្មី’ ដែរ

ទីផ្សារ​ដោះដូរ​កាន់​តែ​កៀក​ចូល​ជិត​មក​ដល់ ម្ល៉េះ​បើ​មិន​រៀប​គិត​បណ្តើរៗ ដល់​ពេល​ក៏​អាច​នឹង​គិត​ខុស។ ឥឡូវ​ងាក​មក​ក្បួន​របស់​ក្លឹប​ត្រកូល Manchester ទាំង​ពីរ មាន​មួយ​សម្លឹង​ឃើញ​តំបន់​ប្រយុទ្ធ មួយ​ចង់​ពង្រឹង​តំបន់​ការពារ ហើយ​សុទ្ធ​តែ​បេតី​លើ​កីឡាករ​គោលដៅ​តម្លៃ​កប់​ពពក​ដូច​គ្នា។

២) MU ចង់​បាន Rafael Leao

ស្វាគមន៍​ការ​មក​ដល់​របស់​មេ​ថ្មី Sir Jim Ratcliffe ​ក្លឹប​ក៏​លៃលក​សម្លឹង​ភ្លែត​ទៅ​មើល​គោលដៅ​ធំ ត្រៀម​សម្រាប់​កញ្ចប់​ចំណាយ​មហាសាល​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​នោះ​គឺ​ជា​កីឡាករ​ព័រទុយហ្គាល់ Rafael Leao។

ជា​ការ​ពិត​ចាប់តាំង​ពេលវេលា​ចាកចេញ​នៃ​សម័យ​កាល Cristiano Ronaldo, Zlatan Ibrahimovic ជា​ដើម ត​ក្រោយ​មក​ក៏​មាន Marcus Rashford ដែល​ជា​តួ​ឯក​នៅ​ប្រយុទ្ធ​ប្រអប់ តែ​គេ​ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​ឡើយ​នៅ​រយៈ​ពេល​ចុងក្រោយ។

ហេតុផល​នេះ ទើប​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag ពិត​ជា​សម្លឹង​ចង់​ថ្ពក់​យក​ចំណូល​ថ្មី ដែល​មាន​គុណភាព​បទពិសោធន៍​ក្នុង​ការ​បញ្ចប់​ទី ហើយ​ជឿជាក់​លើ​ស្តេច​ញញឹម Leao ពិត​ជា​អាច​ជំនួស​កីឡាករ​អង់គ្លេស Rashford បាន​យ៉ាង​សក្ដិសម​បំផុត​នា​ពេលវេលា​ខាង​មុខ។ តែ​បញ្ហា​គឺ​ត្រង់​តម្លៃ វា​មិន​ទាប​នោះ​ទេ ពោល​តាម​ការ​ទាមទារ​ពី​ខាង​ភាគី​ក្លឹប​មេ AC Milan ចូល​ល្បាក់ ១២៨ លាន​ផោន។

បើ​ការ​ទិញ​យក​នេះ សម្រេច​ដូច​តួ​លេខ​ខាង​លើ ម្ល៉េះ United ក៏​នឹង​ចារ​កំណត់ត្រា​ថ្មី ពី​លើ​ខ្ទង់​ចំណាយ​ចាស់​បាន​កត់ត្រា​ចូល​នៅ​ឆ្នាំ ២០១៦ គ្រា​ទិញ​យក Paul Pogba ប្រមាណ ៨៦ លាន។ គួរ​ឲ្យ​ដឹង​ដែរ​ថា កីឡាករ​វ័យ ២៤ ឆ្នាំ Leao គេ​បាន​ទាំង​កម្ពស់កំព ទាំង​កាយសម្បទា ទាំង​ល្បឿន ទាំង​បច្ចេកទេស ជាក់ស្តែង​រដូវ​កាល​នេះ ក៏​រក​បាន ១២ គ្រាប់ Assist ១២ លើក នៅ ៣៩ ប្រកួត ​ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​ធំៗ​ចាប់​អារម្មណ៍​ច្រើន រួម​ទាំង Arsenal និង Paris Saint-Germain ពីរ​ផ្សេង​ទៀត។


១) MC ចង់​បាន Benjamin Pavard

បើ​សួរ​ថា តើ​នរណា​ជា​តួ​ឯក​នៅ​តំបន់​ស្លាប​ស្តាំ​របស់ City សព្វថ្ងៃ? ចម្លើយ​ក៏​នៅ​តែ​ជា Kyle Walker តែ​ត​ទៅ​មុខ មើល​មិន​ឃើញ​ថា​មិន​ត្រូវ ព្រោះ​កត្តា​អាយុ​របស់​កីឡាករ​អង់គ្លេស​បាន​ហៀរ​ចូល​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ រួច​កាយសម្បទា​ក៏​រាង​ធ្លាក់​ចុះ បូក​ផ្សំ​របួស​ញាំញី​ច្រើន​នា​រយៈ​ពេល​ចុងក្រោយ។ ទន្ទឹម​នឹង​កុងត្រា​សេសសល់ ២ ឆ្នាំ​ទៀត បើ City លក់​ក៏​នៅ​កើប​បាន​ប្រាក់​ខ្លះ​ល្បាក់ ១០ លាន​ផោន​ចូល​ហោប៉ៅ រួច​ពួក​គេ​ក៏​ដល់​វេលា​សម្លឹង​មើល​អ្នក​មក​ជំនួស ឬ​ជា ‘Walker ទី​ពីរ’ នៅ Etihad នោះ​គឺ​បាន​ដាក់​ចិត្ត​លើ Benjamin Pavard របស់ Inter Milan។

RB វ័យ ២៨ ឆ្នាំ របស់​បារាំង ដែល​រដូវ​ក្តៅ​ឆ្នាំ​ទៅ ទើប​ត្រូវ​បាន Bayern លក់​ទៅ​ឲ្យ​ភាគី​ខាង​អ៊ីតាលី សព្វថ្ងៃ​គេ​បាន​កើន​ឡើង​តម្លៃ​ខ្លួន​កៀក​មួយ​ជា​ពីរ មក​ខ្ទង់​ ៤២ លាន​ផោន ល្មម​នឹង​ឲ្យ Inter កើប​លុយ​ចំណេញ​រួច​បាត់​ទៅ​ហើយ។

គ្រប់​យ៉ាង​យើង​មាន​តែ​រង់ចាំ​មើល​ចំណាត់ការ​ចរចា​រវាង​ភាគី​សង​ខាង ថា​ទៅ​មុខ​នឹង​កើត​ជា​បែប​ណា​ទៀត ទាំង​លទ្ធផល ទាំង​ការ​សម្រេច​សមិទ្ធផល​ពាន​ផ្សេងៗ បន្ទាប់​តែ​រលក​មុន​ចេញ លេញ​រលក​ក្រោយ​ចូល​ទៅ​កាន់​ទ្រនំ​ថ្មី​អស់​នោះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT