Ronaldo/Messi ​ធ្លាក់​ជង្ហុក​របូត​ពាន ខណៈ​អនាគត​អ្នក​ស្នង​ស្តេច​ពពែ​ទាំង​ពីរ ក៏​គាំង​ម៉ាស៊ីន​នៅ​សប្តាហ៍​តែ​មួយ

ធ្លាប់​តែ​សរសើរ​ពេញៗ​មាត់ ដល់​បត់​មក​ក្នុង​សប្តាហ៍​នេះ បែរ​ផ្ទុះ​តែ​ពាក្យ​រិះគន់ ក្រោយ​កីឡាករ​មាន​ឈ្មោះ​ល្បី​ទាំង ៤ ហាក់​ធ្លាក់​ទម្រង់​ផ្ទួន​គ្នា ដល់​ខ្លះ​ក៏​ទទួល​រង​បរាជ័យ​នាំ​ឲ្យ​របូត​ពាន​រង្វាន់​ថែម​ទៀត​ផង។ ទាំង​អតីត ទាំង​អនាគត​ស្តេច​បាល់ទាត់​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ផ្ទុះ​ការ​វែកញែក បាន​ជួប​លទ្ធផល​មិន​ល្អ​ក្នុង​ការ​ប្រកួត​ដូចៗ​គ្នា​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ៖

៤) Cristiano Ronaldo

យើង​សារ​ថយក្រោយ​ទៅ​វេលា​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ០៩ មេសា​ទើប​តែ​បញ្ចប់​ថ្មីថ្មោង​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Saudi Super Cup ដែល Al-Hilal បាន​បំបាក់​ក្លឹប Al-Nassr ដោយ​លទ្ធផល ២-១។ ខាង​ក្លឹប​ដឹកនាំ​ដោយ​លោក Luis Castro បាន​បាត់បង់​ឱកាស​ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដូច​គ្នា​សម្រាប់ CR7 ក៏​របូត​ឱកាស​អាច​លើក​ពាន Saudi Super Cup ជា​លើក​ដំបូង​ផង​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ បុរស​វ័យ ៣៩ ឆ្នាំ ដែល​កើត​កាយវិការ​ខឹងសម្បា​ទៅ​លើ​គូ​ប្រជែង ជាមួយ​ការ​លើក​កែង​កំឡុង​ចុង​ការ​ប្រកួត ក៏​ត្រូវ​អាជ្ញាកណ្តាល​លើក​ពិន័យ​កាត​ក្រហម​ថែម​ទៀត។ នេះ​កីឡាករ​ព័រទុយហ្គាល់​ប្រឈម​នឹង​ត្រូវ​ព្យួរ​ឈ្មោះ​នា​ ២ ប្រកួត​បន្ទាប់។ បញ្ជាក់​ជុំវិញ​កាលបរិច្ឆេទ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ខាង​លើ គឺ​នឹង​ចូល​មក​ដល់​នៅ​វេលា​យប់នេះ ម៉ោង ០០:៣០ នាទី​រំលង​អាធ្រាត្រ រវាង Al-Ittihad ទល់ Al-Hilal ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។

៣) Lionel Messi

ងាក​មក​ម្ចាស់​អាវ​លេខ ១០ ឯ​ណេះ​វិញ ក៏​មាន​រឿង​ត្រូវ​និយាយ​ទាំង​ព្រឹក បន្ទាប់ Inter Miami មិន​អាច​ឆ្លង​ផុត​ក្រោម​ថ្វី​ជើង​ក្លឹប​ម៉ិកស៊ីកូ Monterrey នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​ប្រចាំ​ទ្វីប Concacaf Champions Cup។ ការ​ឈរ​ជើង​ពេញ​តង់​របស់ Messi សម្រាប់​លោក មិន​អាច​រក​បាន​គ្រាប់​បាល់​អ្វី​នោះ​ទេ ពោល​បញ្ចប់​លទ្ធផល​ក្រុម​បរាជ័យ ១-៣ ខណៈ​សរុប​ទាំង​ពីរ​ជើង​គឺ ២-៥។ ម្ល៉េះ​ឱកាស​កាន់​ពាន ៣ នា​រដូវ​កាល​ទោល សេសសល់​ត្រឹម ២ ប៉ុណ្ណោះ គឺ MLS និង Leagues Cup។

២) Kylian Mbappe

អនាគត​ចំណូល​ថ្មី​របស់ Real Madrid សម្រាប់​ការ​បើក​ទ្វារ​កីឡដ្ឋាន Parc de Princes ស្វាគមន៍​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona យប់មិញ ឃើញ​ថា​កូន​អណ្តើក​ល្បឿន​លឿន Mbappe ​ហាក់​ធ្វើ​មិន​បាន​ល្អ​ដូច​ការ​ចង់​បាន​ទាល់​តែ​សោះ។ ពេលវេលា​ឈរ​ជើង​របស់​គេ​ពេញ ៩០ នាទី​នៅ​តំបន់​ស្លាប ក្រោម​ការ​បង្គាប់​ពី​អ្នកចាត់ការ​ Luis Enrique ហាក់​ពិបាក​នឹង​ចូល​ចុះ​កីឡាករ​ក្មេងៗ ជា​ពិសេស​ដូច​ការពារ​ក្រោម​វ័យ​ទើប ១៧ ឆ្នាំ Pau Cubarsi ដែល​ក្មេង​តូច​ម្នាក់​នេះ កាល​ប៉ះ Napoli ក៏​តាម​បិទ​ Victor Osimhen បាន​ល្អ ឥឡូវ​មក​ប៉ះ PSG តាម​កៀក​ Mbappe ជាប់​ស្អិត​ដូច​តុកកែ។

ចប់​ការ​ប្រកួត Mbappe ដែល​មិន​អាច​រក​បាន​គ្រាប់​បាល់​និង Assist ទទួល​បាន​ត្រឹម ៦,៦ ពិន្ទុ ជា​ការ​វាយ​តម្លៃ​នៅ​កម្រិត​ទាប បើ​ធៀប​នឹង​កីឡាករ​វ័យ​ក្មេង​ល្អៗ​ឯ​ទៀត​របស់​អ្នក​មាន​បុណ្យ ដូច Pedri ដូច និង Lamine Yamal ជា​ដើម។

១) Erling Haaland

ទទួល​ស្គាល់​ថា​រដូវ​កាល​នេះ​ល្អ តែ​ប្រកួត​សំខាន់​ទល់ Real Madrid កាល​ពី​ថ្ងៃ​កន្លង​ទៅ មនុស្ស​យន្ត​Haaland ហាក់​ជាប់​គាំង​ម៉ាស៊ីន ចង់​រំដោះ​ខ្លួន​ទៅ​ខាង​ណា​ក៏​ពិបាក ព្រោះ​ជញ្ជាំង​យក្ស​របស់​ស្តេច​ស​ម្នាក់ៗ​គឺ​មាំ​ខ្លាំង តាម​បិទ​តាម​កៀក​ជាប់​គ្រប់​ជ្រុង។

នៅ​ប្រកួត​ស្មើ ៣-៣ នោះ ​យុវជន​ន័រវេស​ដែល​គេ​សរសើរ​ថា​ប្រុង​ក្លាយ​ជា​អនាគត​អ្នក​ស្នង​តំណែង​ស្តេច​បាល់ទាត់​ទាំង​ពីរ​ខាង​លើ ​ត្រូវ​បាន Antonio Rudiger ចាក់​សោ​ជាប់ នេះ​គេ​ប៉ះ​បាល់​បាន​ ២០ លើក​ត្រឹម ហើយ​ស៊ុត​ ១ ជើង ចូល​ទី ០៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT