Kalidou Koulibaly ជឿជាក់ថា Naploli អាចនឹងធ្វើឲ្យ​ Barcelona ឈឺចាប់នៅជើងទីពីរ

ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League រវាង Barcelona និង Napoli នឹងឈានទៅជើងទីពីរនៅថ្ងៃអង្គារនៅឯកីឡដ្ឋាន Estadi Olimpic Lluis Companys។ ការប្រកួតជើងទីមួយក្នុងទីក្រុង Naples បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដែលជាលទ្ធផលដែលពិតជាសាកសមនឹងក្រុមម្ចាស់ជើងឯកអ៊ីតាលីដែលកំពុងឡើងជើង។វាពិបាកក្នុងសន្និដ្ឋានថាក្រុមណាទំនងជាឈានទៅវគ្គ ៨ក្រុមចុងក្រោយ។ Barcelona ស្ថិតក្នុងទម្រង់លេងដ៏ល្អ បើទោះបីជាពួកគេគ្មាន Gavi, Pedri និង Frenkie de Jong ក៏ដោយ។ Napoli ក៏​កាន់តែឡើងជើងក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ផង​ដែរ។

Barcelona ពិតជាមានប្រៀបក្នុងផ្ទះ បើទោះបីជាវាមិនមែននៅកីឡដ្ឋាន Spotify Camp Nou ក៏ដោយ។ អតីតតារាឆ្នើមរបស់ Napoli កីឡាករ Kalidou Koulibaly ជឿជាក់ថា Napoli មានប្រៀបជាងក្នុងការឡើងទៅវគ្គបន្ត។ Koulibaly បានប្រាប់ La Gazzetta dello Sport ​ថា៖

“Napoli មានអ្វីៗគ្រប់យ៉ាងដើម្បីឡើងទៅវគ្គបន្ត។ ការដែលមិនលេងនៅ Camp Nou អាចជារឿងចំណេញមួយសម្រាប់ Napoli។ ខ្ញុំ​សង្ឃឹម​ថា Napoli ឡើងទៅវគ្គបន្តទៀត។ Barcelona មាន​កីឡាករ​ដែល​មាន​ទេព​កោសល្យ និង​ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ ប៉ុន្តែ Napoli ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ ហើយ​ពួក​គេ​អាច​ធ្វើ​ឲ្យ ​Barcelona ​ឈឺ​ចាប់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT