ភ្ញាក់ផ្អើល​ដែរ នេះ Di Maria ទម្លាយ​ចរិត Ronaldo ខ្ទេច​គ្មាន​សល់ ​នៅ​ថ្ងៃ​មក​ចូលរួម​ខួបកំណើត​ខ្លួន

បើ​ជា​អ្នក​និយម​គាំទ្រ​និង​ទស្សនា​បាល់ទាត់ ប្រាកដ​ធ្លាប់​បាន​ឃើញ​ធ្លាប់​បាន​លឺ​នូវ​អត្តចរិត​មួយ​ចំនួន​របស់ Cristiano Ronaldo ក៏​ដូច​ជា​កាយវិការ​គួរ​ឲ្យ​គោរព ទទួល​ស្គាល់​ពី​មិត្ត​រួម​ក្លឹប និង​អ្នកចាត់ការ​កំពូលៗ​ក្នុង​លោក។ ងាក​មក Angel di Maria ​ដែល​ធ្លាប់​ជា​អតីត​មិត្ត​រួម​ទ្រនំ​មួយ​រូប​កាល​នៅ​អធិរាជ​ស Real Madrid ក៏​បាន​និយាយ​ពាក់ព័ន្ធ​នឹង​ CR7 ផង​ដែរ តែ​បង្ហើប​ដល់​ចំណុច​ចាក់ដោត សាមី​ខ្លួន​កីឡាករ​ព័រទុយហ្គាល់​ផ្ទាល់ រាង​ដើរ​រំលង​នឹង​ច្បាប់​វិន័យ​របស់​ខ្លួន។

យើង​បញ្ជាក់​ឲ្យ​បងប្អូន​បាន​ដឹង​បន្តិច កីឡាករ​អាហ្សង់ទីន Di Maria គេ​បាន​ជ្រើស​ការ​ផ្ទេរ​ចេញ​ពី Benfica មក​កាន់​ក្លឹប​ក្នុង​ទីក្រុង Madrid នៅ​តម្លៃ ៣៣,៥ លាន​អឺរ៉ូ កាល​ឆ្នាំ ២០១០។ វា​ជា​សម័យ​កាល​គេ​ចូលរួម​ជាមួយ​ Superstar ប្រចាំ​ក្លឹប មាន Karim Benzema, Iker Casillas, Kaka និង Ronaldo ​ជា​ដើម។ នៅ ១៩០ ប្រកួត គេ​រក​បាន ៣៦ គ្រាប់ ក៏ Assist ៨៥ លើក មុន​បន្ត​ដំណើរ​ទៅ​ក្លឹប​ក្នុង​ទីក្រុង Manchester ក្រហម​នា​ឆ្នាំ ២០១៤។

បក​ទៅ​បទសម្ភាសន៍​ចាស់ ប្រាប់ Libero កាល​ឆ្នាំ​ ២០២១ Di Maria បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល ជុំវិញ​ភាព​ចេះ​ដាក់​ខ្លួន មិន​ក្រអឺតក្រទម​របស់​ស្តេច​បាល់ទាត់​ព័រទុយហ្គាល់ នៅ​ថ្ងៃ​កម្មពិធី​ខួប​កំណើត​ជាមួយ​នឹង​មិត្តភ័ក្ដិ​ឯ​ទៀត។

ប្រយុទ្ធ​ស្លាប​កម្ពស់ ១,៧៨ ម៉ែត្រ រៀបរាប់​ថា៖ “ខ្ញុំ​បាន​អញ្ជើញ Cristiano មក​ចូលរួម​កម្មពិធី​ខួប​កំណើត​របស់​ខ្ញុំ​ធ្វើ​ឡើង​នៅ​ទីក្រុង Madrid ជា​លើក​ដំបូង ហើយ​ដើម​ឡើយ​ខ្ញុំ​គិត​ថា គាត់​នឹង​មិន​មក​ទេ ដល់​តែ​ហើយ​គាត់​បែរ​ជា​មក គាត់​ធ្វើ​ខ្លួន​សាមញ្ញ មក​អង្គុយ​ទទួល​ទាន​ស្រាបៀ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ​ឯ​ទៀត​ដូច​មនុស្សម្នា​ទូទៅ”។

នេះ​បាន​ន័យ​ថា CR7 លោក​បាន​រំលង​ច្បាប់វិន័យ​ខ្លួន​ឯង​ក្នុង​ការ​ទទួល​ទាន​គ្រឿងស្រវឹង​មួយ​សារ​ហើយ ដើម្បី​តែ​អបអរ​ថ្ងៃ​ពិសេស​របស់​កីឡាករ​អាហ្សង់ទីន Di Maria។ តែ​វា​មិនមែន​ជា​លើក​ដំបូង​ឡើយ ត្រង់​កាល​ឆ្នាំ​ ២០១៦ ក៏​ម៉ាស៊ីន​ស៊ុត​ព័រទុយហ្គាល់ ធ្លាប់​បាន​បំពាន​នឹង​ខ្លួន​ឯង​មុន​នោះ​ម្តង​ដែរ គ្រា​ជម្រើស​ជាតិ​លើក​ពាន​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA European Championship ២០១៦។

នៅ​បទសម្ភាសន៍​ជាមួយ​អ្នករាយការណ៍​សម្រស់​បាន Diletta Leotta កាល​ឆ្នាំ ២០១៩៖ “នាម​ជើង​ឯក​អឺរ៉ុប​ជាមួយ​ព័រទុយហ្គាល់ វា​ជា​ពាន​រង្វាន់​ដ៏​ធំធេង​បំផុត​ខ្ញុំ​អត់​ធ្លាប់​បាន​ឈ្នះ វា​អស្ចារ្យ​ណាស់ វា​ជា​រាត្រី​ដែល​មិន​អាច​បំភ្លេច ខ្ញុំ​យំ​ផង សើច​ផង ឈឺចាប់​ផង ស្រែក​ផង ហើយ​ក៏​ស្រវឹង​ដែរ​ពេល​នោះ”។

“កំឡុង​ការ​ប្រកួត​ខ្ញុំ​យំ​ដល់​អស់​ជាតិ​ទឹក​ពី​ខ្លួន រួច​នៅ​ទី​បញ្ចប់​កំឡុង​ពេល​អបអរ ខ្ញុំ​ទទួល​ទាន​ស្រា​អស់​មួយ​កែវ ខ្ញុំ​អត់​ដែល​ផឹក​ពី​មុន​មក​ទេ តែ​ដោយសារ​វា​ជា​ថ្ងៃ​ពិសេស ជា​ពាន​រង្វាន់​ដ៏​សំខាន់​បំផុត​ក្នុង​អាជីព”។

រំឭក​ថា មក​ទល់​សព្វថ្ងៃ​បុរស​វ័យ ៣៩ ឆ្នាំ ក៏​នៅ​តែ​បន្ត​ឈរ​ជើង​ឲ្យ​ជម្រើស​ជាតិ​ខាង​លើ​ដដែល ហើយ​ក៏​ត្រៀម​នឹង​ទទួល​កាតព្វកិច្ច​នៅ International Break បន្ត នា​ថ្ងៃ​ទី ២២ និង ២៧ មិនា​ខាង​មុខ ទល់​ស៊ុយអែត និង​ស្លូវ៉ានី ជា​ប្រកួត​មិត្តភាព មុន​ឆ្លង​ដល់​ប្រកួត​សំខាន់​ពាក់​កណ្តាល​ឆ្នាំ EURO 2024៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT