Hojlund មាន​ឱកាស​សាង​កំណត់ត្រា​រដូវ​កាល​ដំបូង​ PL នេះ​កីឡាករ​បរទេស ៨ រូប រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត

ការ​ផ្លាស់ប្តូរ​មក​កាន់​ទ្រនំ​ថ្មី ជា​ពិសេស​នៅ​ក្រៅ​ដី​កំណើត ឬ​កន្លែង​ដែល​យើង​មិន​ធ្លាប់​រស់នៅ វា​ហៅ​បាន​ជា​ការ​បត់​ចូល​នូវ​បរិបទ​ថ្មី​សន្លាង​ដ៏​ធំ​មួយ ដោយ​កីឡាករ​ខ្លះ​ក៏​អាច​សម្រប​ខ្លួន​ឆាប់​រហ័ស ខ្លះ​ទៅ​ក៏​ទាមទារ​ពេលវេលា​រយៈ​ពេល​យូរ ទម្រាំ​អាច​ឈាន​ដល់​ចំណុច​ដែល​ពួក​គេ​ចង់​បាន។

ដោយឡែក​ងាក​ទៅ​ក្របខ័ណ្ឌ​កំពូល Premier League ​មួយ​ឆ្នាំៗ​តែង​មាន​កីឡាករ​បរទេស ផ្ទេរ​ចេញ​ពី​ប្រទេស​ដទៃ មក​កាន់​ទឹកដី​អង់គ្លេស​មិន​ចេះ​តិច​ឡើយ ហើយ ២០២៣/២៤ គ្រប់​គ្នា​ប្រាកដ​បាន​ដាក់​ការ​ចាប់​អារម្មណ៍​ខ្ពស់​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ដាណឺម៉ាក Rasmus Hojlund។

ការ​បត់​ខ្លួន​ចេញ​ពី​ទ្រនំ​ចាស់​អ៊ីតាលី Atalanta មក​កាន់​ទ្រនំ​ថ្មី​អង់គ្លេស Man Utd ក្នុង​តម្លៃ​ផ្ទេរ ៧៣,៩០​លាន​អឺរ៉ូ វា​ពិត​ជា​ចំណុច​រសើប ដាស់​ក្រសែ​ភ្នែក​អ្នក​រាល់​គ្នា​ឲ្យ​សម្លឹង​មើល ចង់​ដឹង​ចង់​លឺ​តើ​ចំណូល​ថ្មី វ័យ ២១ ឆ្នាំ អាច​វិវត្ត​ខ្លួន​ខ្ពស់​ដល់​កម្រិត​ណា ឬ​អាច​នាំ​មុខ​កំណត់ត្រា​រៀមច្បង​មួយ​ចំនួន​ឬ​អត់?

CTS SPORTS បង្ហាញ​ឈ្មោះ​កីឡាករ​បរទេស​ទាំង ៨ រូប ដែល​ផ្ទេរ​មក Premier League ហើយ​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​រដូវ​កាល​ទោល​ដំបូង​របស់​ពួក​គេ៖

៨) Son Heung-min

ចូល​រដូវ​កាល ២០១៥/១៦ កីឡាករ​កូរ៉េ​ខាង​ត្បូង បាន​វិវត្ត​ខ្លួន​ចេញ​ពី Bayer Leverkusen មក​កាន់ Tottenham Hotspur។ គ្រា​នោះ​គេ​ឈរ​ជើង​សរុប ២៨ ប្រកួត អាច​រក​បាន ៤ គ្រាប់ ហើយ​មក​ទល់​សព្វថ្ងៃ​មាន ១១៥ គ្រាប់​ក្នុង​អាជីព Premier League។

៧) Robin van Persie

នៅ​រដូវ​ក្តៅ ឆ្នាំ ២០០៤ កីឡាករ​ហូឡង់​បាន​ចាកចេញ​ពី​ក្លឹប​កំណើត Feyenoord ឆ្ពោះ​មក​ក្លឹប​កំពូល​អង់គ្លេស Arsenal ហើយ​ពេលវេលា​ដំបូង​នោះ គេ​បង្ហាញ​ខ្លួន ២៦ ប្រកួត ក៏​រក​បាន ៥ គ្រាប់ និង​មុន​ការ​ចាកចេញ​ទៅ​វិញ បិទ​បញ្ជី​គ្រាប់​បាល់​ទី ១៤៤។

៦) Nicolas Anelka

ចេញ​ពី​ដី​កំណើត​បារាំង PSG ​ផ្ទេរ​មក​កាន់​កាំភ្លើង​ធំ Arsenal ក៏​រាប់​ជា Legend មួយ​រូប​ដែរ សរុប​គ្រាប់​បាល់ Premier League មាន ១២៥ លើក។ នេះ​ហៅ​ថា​ល្អ​គួរ​សម ត្រង់​ ២៦ ប្រកួត​រដូវ​កាល​ដំបូង ១៩៩៧/៩៨ គេ​ក៏​អាច​រក​បាន ៦ គ្រាប់។

៥) Rasmus Hojlund

ជា​អ្វី​ដែល​យើង​កំពុង​ផ្តោត ហើយ​សំណាក់​កីឡាករ​ផ្ទាល់​ក៏​កំពុង​ដាក់​គោលដៅ​រុញ​តួ​លេខ​គ្រាប់​បាល់​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​នេះ​បន្ថែម។ ៧ គ្រាប់ នៅ ២០ ប្រកួត សេសសល់​ឱកាស​ជាង ១០ ប្រកួត​ទៀត​ក្នុង​ដៃ ចាំ​មើល Hojlund អាច​បន្ថែម​តួ​លេខ​ច្រើន​ប៉ុណ្ណា ក្នុង​រដូវ​កាល ២០២៣/២៤។

៤) Sadio Mane

បញ្ជាក់​ម្តង​ទៀត យើង​រាប់​តែ​កីឡាករ​បរទេស​ផ្ទេរ​ចេញ​ពី​ប្រទេស​ដទៃ មក​កាន់​ដី​អង់គ្លេស តែ​បើ​ឆ្លង​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ​នៅ​ដី​អង់គ្លេស​ដដែល គឺ​យើង​ឥត​រាប់​ចូល​ឡើយ។ ករណី Mane ពេល​គេ​ចេញ​ពី​ RB Salzburg នៅ​អូទ្រីស មក​កាន់ Southampton នៅ​រដូវ​កាល ២០១៤/១៥ គេ​អាច​រក​បាន​ដល់​ទៅ ១០ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣០ ប្រកួត។

៣) Jimmy Floyd Hasselbaink

ងាក​មក​អតីត​ជើង​ចាស់​ហូឡង់​រូប​នេះ​វិញ បន្ទាប់​ការ​ផ្ទេរ​ចេញ​របស់​គេ​ពី​ក្លឹប Boavista នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់ មក​កាន់ Leeds United ​នៅ​ដី​អង់គ្លេស ចំពោះ​ស្ថិតិ​រដូវ​កាល​ដំបូង ១៩៩៧/៩៨ ក៏​ធ្វើ​បាន​ល្អ​ខ្លាំង ដល់​ទៅ ១៦ គ្រាប់ នៅ ៣៣ ប្រកួត។

២) Thierry Henry

ឃើញ​ថា​កីឡាករ Arsenal ​មាន​ដល់​ទៅ ៣ រូប​ក្នុង​បញ្ជី​អ្នក​ទាំង ៨ ហើយ​អ្នក​នាំ​មុខ​គេ​បង្អស់ ជា​អតីត​វីរបុរស​បារាំង Henry។ នៅ​រដូវ​កាល ១៩៩៩/២០០០ គេ​ចាកចេញ​ពី Juventus មក​កាន់​ក្លឹប​ក្នុង​ទីក្រុង​ឡុង ហើយ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ភ្លែត តាម​រយៈ​ការ​រក​បាន ១៧ គ្រាប់ នៅ ៣១ ប្រកួត​សម័យ​កាល​ដំបូង។

១) Sergio Aguero

កំពុង​រង់ចាំ​មើល​អ្នក​បំបែក ហើយ​មិន​ទាន់​ឃើញ​សោះ នេះ​កីឡាករ​អាហ្សង់ទីន​បាន​គ្រង​កំណត់ត្រា​គ្រាប់​បាល់​ច្រើន​បំផុត​រដូវ​កាល​ទោល រាប់​តែ​កីឡាករ​បរទេស មិន​រាប់​កីឡាករ​មាន​ដើម​កំណើត​នៅ​ចក្រភព​អង់គ្លេស ត្រង់​រដូវ​កាល ២០១១/១២ គេ​រក​បាន ២៣ គ្រាប់ ​នៅ ៣៤ ប្រកួត។

ស្តាប់​ចប់​ប្រិយមិត្ត​ប្រហែល​ជា​ឆ្ងល់ អុញ​ចុះ​ម៉េច​អត់​លើក​ឈ្មោះ Erling Haaland មក​និយាយ​ផង ត្រង់​រដូវ​កាល​ដំបូង ២០២២/២៣ ពេល​ផ្ទេរ​ពី Dortmund មក Man City គេ​ធ្វើ​បាន​ដល់ ៣៦ គ្រាប់ នៅ Premier League។ ក៏​ព្រោះ​តែ​ Haaland គេ​ជា​កីឡាករ​មាន​ដើម​កំណើត​នៅ​ទីក្រុង Leeds ចក្រភព​អង់គ្លេស មុន​ទទួល​បាន​សញ្ជាតិ​ន័រវេស​ត​ពី​ឪពុក៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT