Greenwood ខូច​ចិត្ត​ខ្លាំង គាំងនឹងមក​ប៉ះ​សាច់​ឯង​រួម​ជាតិសាសន៍​តែ​មួយ ​ទី​បញ្ចប់​ក៏​ធ្វើ​រឿង​នេះ​ចំពោះ Bellingham

កាល​ពី​ប្រកួត​យក​ឈ្នះ​របស់ Real Madrid ២-០ ទៅ​លើ Getafe បាន​កើត​មាន​ការ​ប៉ះ​ទង្គិច​ពាក្យសម្តី ផ្តើម​ចេញ​ពី​សំណាក់​សមាជិក​ក្លឹប​អធិរាជ​ស គឺ Jude Bellingham ទៅ​លើ​កីឡាករ​គូ​ប្រជែង​រួម​សញ្ជាតិ​អង់គ្លេស​តែ​មួយ Mason Greenwood ហើយ​មក​ទល់​សព្វថ្ងៃ​រយៈ​ពេល​ជិត​មួយ​ខែ​ពេញ បែរ​មិន​ទាន់​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​នៅ​ឡើយ។

សារ​ថយ​ក្រោយ​ទៅ​ពេលវេលា​នោះ គេ​ចាប់​បាន Bellingham បាន​និយាយ​ពាក្យ​ប្រមាថ​ទៅ​លើ Greenwood ថា​ជា ជន​រំលោ.ភ។ ចប់​ការ​ប្រកួត​តាម​រយៈ​ការ​ផ្ទៀងផ្ទាត់​ពី​អ្នក​ជំនាញ​អាន​បបូរ​មាត់ គឺ​សន្មត​ថា ៩៧ ភាគរយ វា​ជា​ពាក្យ​ពិត ដែល​បាន​ពោល​ចេញ​ពី​មាត់​សិស្ស​ប្អូន​វ័យ ២០ ឆ្នាំ ទៅ​លើ​រៀម​ច្បង​វ័យ ២២ ឆ្នាំ​ពិត​មែន។

សំណាក់​ក្លឹប Getafe បាន​បើក​ការ​តវ៉ា និង​ប្រកាស​ឲ្យ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ដែល​ជា​អ្នក​ទទួល​បន្ទុក​ខុស​ត្រូវ ប្រញាប់​បើក​ការ​ស៊ើបអង្កេត ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ជា​ទី​បំផុត ឈរ​លើ​គោលជំហរ អ្នក​ខុស​គឺ​ត្រូវ​តែ​ទទួល​ពិន័យ​ទៅ​តាម​ច្បាប់ ហើយ​អ្នក​ត្រូវ សក្ដិសម​នឹង​ទទួល​បាន​ភាព​យុត្តិធម៌ ទើប​វា​ស​បង្ហាញ​ពី​តុល្យភាព​នៃ​ផ្នែក​ច្បាប់​ក្នុង​ពិភព​បាល់ទាត់។

តាម​របាយការណ៍​ចុងក្រោយ​បង្អស់ Bellingham ប្រសិន​រក​ឃើញ​ថា ​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ពី​សំណាក់​ក្លឹប Getafe មែន​នោះ គេ​នឹង​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ហៅ​កាត់ RFEF ដាក់​ពិន័យ​ព្យួរ​ឈ្មោះ​ដល់​ទៅ ១០ ប្រកួត​ពី​ក្របខ័ណ្ឌ La Liga មាន​ន័យ​ថា ត្រូវ​អវត្តមាន​ដល់​កៀក​នឹង​បិទ​រដូវ​កាល​ពីរ​ជុំ​ចុងក្រោយ។

ដល់​តែ​ឥឡូវ​ងាក​មក​ការ​អាប់ដែត​ព័ត៌មាន​ថ្មី​បង្អស់ ពី​ TheSun បាន​សង្កត់​ធ្ងន់ ​ខ្សែ​ប្រយុទ្ធ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្លឹប​អាណាព្យាបាល Man United ហាក់​មិន​ចង់​យក​ទោសពៃរ៍​អ្វី​ទាំង​អស់​ពី​ជន​រួម​ជាតិ​តែ​មួយ បើ​ទោះ​បី​មាន​ការ​អាក់អន់​ចិត្ត ប៉ះពាល់​ផ្លូវ​អារម្មណ៍​កម្រិត​ណា​ក៏​ដោយ ក៏​បាន​ទទូច​ទៅ​ភាគី​ក្លឹប Getafe សុំ​ឲ្យ​ដក​ចោល​ការ​ចោទ​ប្រកាន់​នោះ​វិញ។

ប្រភព​រៀបរាប់៖ “Mason បាន​ប្រាប់​ទៅ​ថ្នាក់​លើ​ក្លឹប ថា​គេ​មិន​ចង់​ឲ្យ Jude [Bellingham] រង​ការ​ពិន័យ​អ្វី​ទាំង​អស់ ម្ល៉េះ​សុំ​ដក​ចោល​ការ​ចោទ​នោះ​វិញ គេ​អត់​ចង់​ឲ្យ​ប៉ះពាល់​កិត្តិយស​ជា​សាធារណៈ​ចំពោះ​ខាង​ណា​ទេ ជា​រួម​ត្រឹម​តែ​ចង់​លេង​បាល់ទាត់​មួយ​ប៉ុណ្ណោះ​ឯង”។
“Greenwood តាម​ពិត​ទៅ​គេ​ពិបាក​ចិត្ត​ណាស់​ពេល​នេះ ត្រង់​គេ មិន​ធ្លាប់​គិត​ទេ ថា​អាច​លឺ​ពាក្យ​អស់​ហ្នឹង​ចេញ​ពី Jude តែ​ក៏​ដឹង​មុន​បាត់​ទៅ​ហើយ ថា​គេ​គឺ​ជា​គោលដៅ ងាយ​នឹង​រង​ពាក្យពេចន៍​អស់​នោះ​នៅ​ថ្ងៃ​ណា​មួយ ដូច្នេះ​ក៏​មាន​តែ​ទទួល​យក ស្ម័គ្រ​ធ្វើ​មុខ​ក្រាស់​ដើរ​ទៅ​មុខ​បន្ត”។

ជុំវិញ​រឿងរ៉ាវ​នេះ យើង​ក៏​នឹង​រង់ចាំ​មើល​ចំណាត់ការ​បញ្ចប់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ​តែ​បច្ចុប្បន្នភាព​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​សាទរ​ចំពោះ​ចេតនា​ល្អ​របស់ Greenwood ជា​បណ្តើរៗ​ហើយ រួច​ក៏​ទទូច​ទៅ Bellingham ​ថា​ថ្ងៃ​មុខ ឲ្យ​ចេះ​មាន​ការ​ប្រុងប្រយ័ត្ន និង​មាន​ភាព​ចាស់ទុំ​ជាង​នេះ ប្រសិន​ចង់​ក្លាយ​ជា​កីឡាករ​លំដាប់​កំពូល​មួយ​រូប​ក្នុង​លោក៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT