កីឡាករ៨រូបដែលបដិសេធការផ្ទេរទៅ Real Madrid៖ Suarez, Neymar, Totti, Pogba…

កីឡាករមិនច្រើនទេដែលបាត់បង់ឱកាសក្នុងការលេងឱ្យក្រុមដែលជោគជ័យបំផុតនៅអឺរ៉ុប Real Madrid។ Kylian Mbappe ក៏បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលដោយការបដិសេធឱកាសផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ២០២២ ជំនួសមកវិញដោយការបន្តកុងត្រារបស់គាត់ជាមួយ Paris Saint-Germain។ ប៉ុន្តែថ្មីៗនេះ រូបគេប្រាប់ក្លឹបថានឹងចាកចេញនៅខែកក្កដា ហើយក្លឹបតែមួយគត់ដែលគាត់នឹងទៅចូលរួមគឺ Real Madrid។

ក្រៅពីនេះ យើងមកមើលតារាមួយចំនួនផ្សេងទៀតដែលបានបដិសេធការផ្លាស់ទៅកាន់រដ្ឋធានីអេស្ប៉ាញ៖

Luis Suarez

ថ្មីៗនេះ Suarez បានរៀបរាប់ក្នុងបទសម្ភាសន៍ជាមួយ La Mesa ថា៖

“ភ្នាក់ងាររបស់ខ្ញុំបាននិយាយជាមួយ Real Madrid ហើយអ្វីៗគឺដំណើរការល្អ។ ពួកគេចង់លក់ Benzema ឱ្យ Arsenal អ្វីៗគ្រប់យ៉ាងរួចរាល់ហើយ។ នៅពេល World Cup ចាប់ផ្តើម Barcelona បានចូលមកក្នុងការប្រកួតប្រជែង ហើយជាក់ស្តែងខ្ញុំពេញចិត្ត Barcelona ជាង។ នៅទីបំផុតខ្ញុំមានជម្រើសទាំងពីរ ហើយខ្ញុំបានជ្រើសរើស Barcelona ព្រោះវាជាក្តីសុបិនរបស់ខ្ញុំ។”

David Villa

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញដែលបានក្លាយជាជើងខ្លាំងនៅ Barcelona អាចមានអាជីពខុសប្លែកពីគេ ខណៈ Real Madrid បានព្យាយាមចរចារទិញគាត់ពី Valencia ក្នុងឆ្នាំ២០០៨ តែ Villa បានច្រានចោលការផ្លាស់ទៅ Real Madrid។ គាត់ក៏បានចូលរួមជាមួយក្លឹប Barcelona ត្រឹមតែពីររដូវកាលក្រោយមក។

Neymar

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះហាក់ដូចជាចង់ចូលរួមជាមួយក្លឹប Real Madrid នៅពេលដែលគាត់មានអាយុ ១៣ ឆ្នាំ ប៉ុន្តែបានដកខ្លួនចេញនៅវិនាទីចុងក្រោយដើម្បីបន្តស្នាក់នៅក្នុងប្រទេសកំណើតរបស់គាត់។Neymar ថែមទាំងបានទៅពិនិត្យសុខភាព និងដំណើរកម្សាន្តនៅ Santiago Bernabeu មុននឹងផ្លាស់ប្តូរចិត្ត ហើយប៉ុន្មានឆ្នាំក្រោយមក គាត់បានបដិសេធពួកគេម្តងទៀត ដើម្បីទៅ Barcelona។

Santi Cazorla

កីឡាករតូជល្អិតពូកែលេងក្បាច់រូបនេះពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ក្នុងការលេងជាលើកទីពីររបស់គាត់នៅ Villarreal ដែល Real Madrid បានចូលមកចរចារចង់បានខ្សែបម្រើរូបនេះនៅរដូវក្តៅឆ្នាំ២០០៨។ការរំពឹងទុកគឺថា Cazorla នឹងធ្វើការផ្លាស់ប្តូរដ៏ធំ ប៉ុន្តែគាត់បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលគាត់បានបដិសេធជាសាធារណៈចំពោះ Madrid និងបន្តនៅ Villarreal។

Francesco Totti

វីរបុរសក្លឹបតែមួយនៅ Roma អាចមានអាជីពខុសគ្នាខ្លាំង ខណៈដែល Real Madrid បានព្យាយាមចុះហត្ថលេខាលើកីឡាករអ៊ីតាលីបីដង។ជាមួយនឹងឆន្ទៈដ៏មុតមាំ Totti បានច្រានចោលរាល់ការផ្លាស់ប្តូរដោយរក្សាភាពស្មោះត្រង់ចំពោះក្លឹបរបស់គាត់ និងចារឈ្មោះខ្លួនឯងទៅក្នុងសៀវភៅប្រវត្តិសាស្ត្រនៅទីក្រុងរ៉ូម។

Roy Keane 

Real Madrid ត្រូវការខ្សែបម្រើមួយចំនួន ហើយបើទោះបីជាជិតដល់ទីបញ្ចប់នៃអាជីពរបស់គាត់ក៏ដោយ ក៏វីរបុរសអៀរឡង់ត្រូវបានផ្តល់ជូនកិច្ចសន្យារយៈពេល ១៨ខែដោយ Real Madrid។អតីតប្រធានក្រុម Manchester United បានពិចារណាលើការផ្តល់ជូននេះ មុនពេលបដិសេធ ហើយក្រោយមកបានសារភាពពីការសោកស្តាយរបស់គាត់ដែលមិនបានចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះនៅក្នុងប្រវត្តិកីឡារបស់គាត់។

Gianluigi Buffon

នៅពេលដែល Juventus ត្រូវបានកាត់ចោលក្នុងឆ្នាំ២០០៦ បន្ទាប់ពីរឿងអាស្រូវក្នុងការប្រកួតរបស់ពួកគេ Buffon ដែលជាកីឡាករលេខ១ របស់អ៊ីតាលី គឺជាប្រធានបទនៃការចាប់អារម្មណ៍ពី Real Madrid។Juventus បានអនុញ្ញាតឱ្យ Buffon ធ្វើការសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែគាត់បានបង្ហាញពីភាពស្មោះត្រង់ចំពោះ Juventus ហើយបន្តស្នាក់នៅក្នុងទីក្រុងតូរីន។

វត្តមានរបស់ Iker Casillas នៅទីក្រុងម៉ាឌ្រីដ ហាក់ដូចជាមានចំណែកខ្លះនៅក្នុងការសម្រេចចិត្តរបស់គាត់។

Paul Pogba

នៅពេលដែល Pogba ត្រលប់មក Manchester United ពី Juventus វិញក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកក្នុងឆ្នាំ ២០១៦ ក្លឹប Real Madrid ក៏បានផ្តល់សំណើរសម្រាប់កីឡាកររូបនេះផងដែរ ដែលក្រោយមកក៏បានជ្រើសរើសយកប្រទេសអង់គ្លេសជាងប្រទេសអេស្ប៉ាញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT